គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសជប៉ុន គឺសម្ព័ន្ធកំណែទម្រង់កណ្តាលនិយម (CRA) នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) បានចាប់ផ្តើមការប្រកួតប្រជែងដណ្តើមតំណែងជាអ្នកដឹកផ្លូវការដែលមានបេក្ខជនលេចធ្លោ ២រូប ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់បក្ស ខណៈដែលក្រុមទើបបង្កើតថ្មីនេះ កំពុងស្វែងរកការកសាងឡើងវិញ បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតសកលចុងក្រោយបំផុត។
ប្រធានគណបក្សថ្មី ត្រូវបានកំណត់ជ្រើសរើសនៅថ្ងៃទី១៣ ខែកុម្ភៈ ជាការប្រកួតប្រជែងដែលកំពុងត្រូវបានចូលរួមដោយលោក Junya Ogawa អតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDPJ) និងលោក Takeshi Shina អតីតប្រធានគោលនយោបាយស្តីទីរបស់បក្ស CDPJ។

CRA ត្រូវបានបង្កើតឡើងក្នុងខែមករា និងបានបង្រួបបង្រួមសមាជិកសភាតំណាងរាស្ត្រនៃគណបក្ស ២ គឺ CDPJ និង Komeito ដើម្បីសម្រេចបាននូវការរៀបចំសម្ព័ន្ធភាពឡើងវិញនៃអ្នកនិយមកណ្តាល ស្របពេលដែលពួកគេមើលឃើញថា ជាការផ្លាស់ប្តូរទៅស្តាំនិយម ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi។
ផ្ទុយទៅវិញ ក្រុមនេះបានជួបប្រទះនឹងការបរាជ័យ ដោយអាសនៈចំនួន ១៦៧ របស់ខ្លួន មុនពេលមានយុទ្ធនាការឃោសនាជាផ្លូវការ បានធ្លាក់ចុះមកដល់ ៤៩កៅអី ក្រោយការបោះឆ្នោតនៅថ្ងៃទី១៥ ខែកុម្ភៈ។
អំឡុងពេលនិយាយនៅក្នុងពិធីមួយ ដើម្បីបើកយុទ្ធនាការ សម្រាប់ការប្រជែងតំណែងភាពជាអ្នកដឹកនាំរបស់គណបក្ស លោក Shina បាននិយាយថា គណបក្ស «ត្រូវតែឆ្ពោះទៅមុខដោយលើកបដាកណ្តាលនិយម ដើម្បីជាប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យ និងមនុស្សជំនាន់ក្រោយ»។
ការចាញ់របស់គណបក្ស CRA បានធ្វើឲ្យក្រុមនេះក្លាយជាគណបក្សប្រឆាំងសំខាន់តូចបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន ក្រោយសង្គ្រាម៕
