ប្រធានាធិបតីអ៊ីរ៉ង់ បានប្ដេជ្ញាកាលពីថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) ថា សាធារណរដ្ឋឥស្លាម នឹងមិនចុះញ៉មជាមួយការឈ្លានពានពីខាងក្រៅជាដាច់ខាត ខណៈដែលប្រទេសនេះបានប្រារព្ធខួបនៃបដិវត្តន៍ឆ្នាំ១៩៧៩ ជាមួយនឹងព្រឹត្តិការណ៍ ដែលត្រូវបានគ្របដណ្ដប់ដោយការគំរាមកំហែងនៃការមានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ក្រុមអ្នកតវ៉ា បានបន្តស្រែកប្រឆាំងរដ្ឋាភិបាលពីយ៉រនៃអគារលំនៅឋាន ដើម្បីប្រឆាំងនឹងការបង្ក្រាបជាបន្តបន្ទាប់ លើការប្រឆាំងនឹងប្រព័ន្ធដឹកនាំសាសនា ដែលក្រុមសិទ្ធិមនុស្សឲ្យដឹងថា បានឃើញកងកម្លាំងសន្តិសុខបាញ់ប្រហារបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានច្រានចោលការវាយប្រហារលើទីក្រុងតេអេរ៉ង់នោះទេ ទោះបីជាលោកបានភ្ជាប់ការសម្រេចចិត្តរបស់លោកទៅនឹងកិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាជាងការប្រព្រឹត្ត ចំពោះក្រុមអ្នកតវ៉ាក៏ដោយ។
នៅក្នុងសុន្ទរកថា នៅទីលាន Azadi Square ក្នុងរដ្ឋធានី សម្រាប់ខួបលើកទី៤៧ នៃបដិវត្តន៍នេះ លោកប្រធានាធិបតី Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់នឹងមិនចុះញ៉ម ចំពោះ «ការទាមទារហួសហេតុ» ពីទីក្រុងវ៉ាស៊ីនតោនឡើយ។
លោកខាងលិចជឿថា ទីក្រុងតេអេរ៉ង់កំពុងស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោក Pezeshkian បានទទូចម្តងទៀតថា កម្មវិធីបរមាណូ គឺសន្តិភាពទាំងស្រុង ហើយអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ការផ្ទៀងផ្ទាត់ណាមួយ» ដោយក្រុមអធិការកិច្ច។
លោកកំពុងថ្លែងសុន្ទរកថា ខណៈដែលប្រជាជន បានទៅពេញទីលាន ហើយអ្នកផ្សេងទៀត នៅទូទាំងប្រទេស បានគ្រវីទង់ជាតិនៃសាធារណរដ្ឋនេះ ដើម្បីប្រារព្ធថ្ងៃឈប់សម្រាកបដិវត្តន៍ដ៏សំខាន់របស់ខ្លួន៕

