ទីក្រុងប៉េកាំងបានប្រាប់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) ថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ប្រទេសចិនជាមួយកាណាដា ឆ្លុះបញ្ចាំងពីសមភាព និងបរិយាបន្ន ដោយនេះជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបិទស្ពានមួយដែលតភ្ជាប់ខេត្ត Ontario របស់កាណាដា ទៅរដ្ឋ Michigan របស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៉េកាំងថា៖ «ប្រទេសចិន និងកាណាដា បានបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រប្រភេទថ្មីមួយ។ នេះគឺឆ្លុះបញ្ចាំងពីសមភាព ការបើកចំហ និងបរិយាបន្ន កិច្ចសហប្រតិបត្តិការដោយសន្តិវិធី និងផលប្រយោជន៍រួម។ វាមិនបានគ្របដណ្តប់ភាគីទី៣ ណាមួយឡើយ»។

លោកបានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ «បម្រើផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំង២ និងអំណោយផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពពិភពលោក»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Lin បានកើតឡើងបន្ទាប់ពីលោក Trump កាលពីថ្ងៃចន្ទ បានរិះគន់ស្ពាន Ontario-Michigan ដែលទើបសាងសង់ថ្មី ដោយចោទប្រកាន់ថា កាណាដាបានសាងសង់វាដោយ «ស្ទើរតែគ្មានចំណែករួមរបស់សហរដ្ឋអាមេរិក»។ លោក Trump បានព្រមានថា គម្រោងនេះនឹងមិនត្រូវបន្តទៀតទេ ប្រសិនបើការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនមិនត្រូវបានបំពេញ៕

