កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz បានរាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុតរបស់ខ្លួន ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ស្របពេលដែលពួកគេរាប់បញ្ចូលតម្លៃពន្ធសហរដ្ឋអាមេរិក និងការប្រកួតប្រជែតទីផ្សារដ៏ស្វិតស្វាញនៅក្នុងប្រទេសចិន ។
ក្រុមហ៊ុន Mercedes និយាយថា ប្រាក់ចំណេញសម្រាប់ឆ្នាំ ២០២៥ មានចំនួន ៦,៣ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះជិត ៤៩ភាគរយពីតួលេខឆ្នាំ ២០២៤ ប៉ុន្តែល្អជាងការរំពឹងនៅក្នុងការស្ទង់មតិរបស់ក្រុមអ្នកវិភាគដោយក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ FactSet ។

លោក Ola Kaellenius គឺជាប្រធានប្រតិបត្តិការក្រុមហ៊ុន Mercedes-Benz និយាយថា ស្របពេលបរិស្ថានទីផ្សារផ្លាស់ប្តូរខ្លាំង លទ្ធផលហិរញ្ញវត្ថុរបស់ពួកយើងនៅតែស្ថិតក្នុងទិសដៅរបស់ពួកយើង ហើយលោកយល់ឃើញថា ក្តីសង្ឃឹមនៅមានចំពោះម៉ូដែលថ្មីជាង ៤០ ដែលគ្រោងនឹងដាក់ចេញក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ ។
លោកបន្តថា ពួកយើងនឹងឆ្ពោះទៅមុខ ជាមួយផែនការហ្គេមច្បាស់លាស់ ហើយនិងផលប័ត្រផលិតផលដែលមានការប្រកួតប្រជែងខ្លាំង ។
ក្រុមហ៊ុនរំពឹងថា ឆ្នាំ ២០២៦នឹងជួបការលំបាកស្រដៀងគ្នា ក្នុងនោះប្រាក់ចំណូលត្រូវបានព្យាករថា នឹងមានចំនួនប្រហាក់ប្រហែលនឹងកម្រិតឆ្នាំមុន ១៣២,២ពាន់លានអឺរ៉ូ(ស្មើនឹងជាង ១៥៧ពាន់លានដុល្លារ) ប៉ុន្តែប្រាក់ចំណេញស្នូលនឹងលើសតួលេខឆ្នាំ ២០២៥ ដោយសារប្រសិទ្ធិភាព និងការកាត់បន្ថយការចំណាយកើនឡើង ។
សូមបញ្ជាក់ថា ចិនដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក បានក្លាយជាសមរភូមិមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ស្របពេលមានការប្រកួតប្រជែងទីផ្សារតម្លៃដ៏ខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុក ដូចជាក្រុមហ៊ុន BYD និងក្រុមហ៊ុន Geely ៕
