ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើងយ៉ាងខ្លាំង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភាគីទាំងពីរ បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ និងតំបន់លំនៅឋាន។
មន្ត្រីបាននិយាយថា រដ្ឋធានីគីវរបស់អ៊ុយក្រែន បានរងការវាយប្រហារ «ទ្រង់ទ្រាយធំ» ពីមីស៊ីលរុស្ស៊ី ខណៈដែលអាជ្ញាធររុស្ស៊ី បានបញ្ជាជម្លៀសប្រជាជនចេញពីភូមិមួយ នៅក្នុងតំបន់ Volgograd បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានយោធាមួយ។

លោក Vitali Klitschko អភិបាលក្រុងគីវ បានប្រកាសនៅលើបណ្តាញ Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖«ការវាយប្រហារដ៏ធំមួយលើរដ្ឋធានី នៅតែបន្ត»។ លោកបានរាយការណ៍ពីការវាយប្រហារលើអគារលំនៅឋាន និងមិនមែនលំនៅឋានទាំងសងខាងនៃទន្លេ Dnipro ដែលខណ្ខចែកទីក្រុងនេះ។
យោងតាមរបាយការណ៍បឋម បំណែកគ្រាប់មីស៊ីលដែលធ្លាក់មក បានវាយប្រហារនៅជិតអគារលំនៅឋានពីរ នៅក្នុងសង្កាត់មួយ។ ខណៈពេលដែលមិនមានអគ្គិភ័យផ្ទុះឡើង និងមិនមានអ្នកស្លាប់ និងរបួសភ្លាមៗ ត្រូវបានរាយការណ៍ ក្រុមសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅតំបន់ដែលរងផលប៉ះពាល់។
លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធានៃរដ្ឋធានីនេះ បានបញ្ជាក់ពីការវាយប្រហារយ៉ាងហោចណាស់មួយ នៅក្នុងតំបន់ជាយក្រុងភាគខាងកើត ខណៈដែលសាក្សីបានរាយការណ៍ពីការផ្ទុះយ៉ាងខ្លាំងនៅទូទាំងទីក្រុង៕
