ប្រណាំងរថយន្ត៖ ជើងឯក F1 ពិភពលោក ៤ សម័យ Sebastian Vettel មិនអាចមានវត្តមាននៅការប្រកួត F1 រដូវកាលថ្មីនៅទឹកដីបារ៉ែនចុងសប្តាហ៍នេះបានឡើយ ដោយសារធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩។ កីឡាកររបស់ក្រុមប្រណាំង Aston Martin រូបនេះនឹងត្រូវជំនួសដោយកីឡាករមិត្តរួមជាតិអាល្លឺម៉ង់ Nico Hulkenburg។

សំរាប់កីឡាករវ័យ ៣៤ឆ្នាំ Nico Hulkenburg មិនទាន់មានតំណែងច្បាស់លាស់ណាមួយនៅឡើយតាំងពីឆ្នាំ២០១៩ ដែលបានត្រឹមជាកីឡាករបម្រុង។ Hulkenburg បានប្រណាំង ៣ទីលានកាលពីឆ្នាំ២០២០ ជំនួសកីឡាករ Sergio Perez និង Lance Stroll ដោយពួកគេសុទ្ធតែពាក់ព័ន្ធនឹងកូវីដ-១៩។ មុននេះដែរកីឡាកររបស់ក្រុម McLaren, Daniel Ricciardo ក៏បានអវត្តមានពីការសាកល្បងរថយន្តនៅបារ៉ែន ចុងសប្តាហ៍កន្លងទៅផងដែរដោយសារកូវីដ-១៩។ កីឡាករអូស្ត្រាលីរូបនេះនឹងអាចបង្ហាញខ្លួនបានសំរាប់ការប្រកួតចុងសប្តាហ៍នេះ ខណៈការប្រណាំងសមចាប់ផ្តើមនៅថ្ងៃសុក្រនេះ៕
អត្ថបទ៖នាង សុភាវុធ