ផ្នែកនៃផ្លូវហាយវេដ៏សំខាន់មួយរបស់ព័រទុយហ្គាល់ បានបាក់ស្រុត កាលពីយប់ថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) បន្ទាប់ពីទំនប់មួយបានបាក់នៅខាងក្រោម អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបានកើតឡើងនៅក្នុងប្រទេសនេះអស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ខណៈដែលអាជ្ញាធរបានជម្លៀសប្រជាជនប្រហែល ៣.០០០នាក់នៅតំបន់ភាគខាងជើង។
ទំនប់ទឹកមួយនៅតាមមាត់ទន្លេ River Mondego ជិតទីក្រុងមជ្ឈិមសម័យ Coimbra បានបាក់ស្រុតនៅជាប់នឹងសសរមួយដើមដែលទ្រផ្លូវហាយវេ A1 ជាផ្លូវដែលភ្ជាប់ទីក្រុង Lisbon និង Porto ដោយបណ្តាលឲ្យមានក្រហូងដ៏ធំនៅលើផ្លូវដែលត្រូវបានបិទដោយនគរបាលនៅមុននេះ។ នេះបើយោងតាមលោកស្រី Ana Abrunhosa អភិបាលក្រុង Coimbra។

លោកស្រីបានប្រាប់ទូរទស្សន៍ជាតិ RTP ថា៖ «ទីក្រុង Coimbra និងទីក្រុងជុំវិញនោះ មានបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារតែទឹកជំនន់ ខ្លះនៅដាច់ស្រយាល ហើយស្ថានភាពមិនប្រាកដប្រជាឡើយ»។
ចំណែកលោកនាយករដ្ឋមន្ត្រី Luis Montenegro បានប្រាប់អ្នកសារព័ត៌មាននៅមុននេះថា សមត្ថភាពរបស់អាជ្ញាធរ គឺមានកម្រិត ក្នុងការទប់ទល់នឹងទឹកជំនន់ទាំងនេះ»។
គួរបញ្ជាក់ថា ព្យុះដ៏អាក្រក់ជាបន្តបន្ទាប់ បានវាយប្រហារភាគច្រើននៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសនេះ ចាប់តាំងពីចុងខែមករា ដោយបានបក់ធ្វើឲ្យដំបូលផ្ទះប៉ើង បង្កជាទឹកជំនន់ជន់លិចទីក្រុងជាច្រើន និងបណ្ដាលឲ្យមនុស្សរាប់រយរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនថ្ងៃ។ ហើយយ៉ាងហោចណាស់មនុស្ស ១៥នាក់ បានបាត់បង់ជីវិត ដោយសារព្យុះនេះ ក្នុងនោះរួមទាំងអ្នកដែលមិនរងគ្រោះដោយផ្ទាល់ផងដែរ៕

