ក្រុមហ៊ុនបេឡារុស Lemt បានបង្ហាញនៅក្នុងពិព័រណ៍ការពារជាតិពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងរីយ៉ាដ អាវុធឡាស៊ែរដំបូងរបស់ខ្លួនដែលត្រូវបានរចនាឡើង ដើម្បីប្រឆាំងយានដ្រូនគ្រប់ប្រភេទ ដោយបំផ្លាញប្រព័ន្ធឈ្លបយកការណ៍ និងកំណត់គោលដៅអុបទិករបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍របស់អ្នកឆ្លើយឆ្លងព័ត៌មាន TASS ។

អាវុធនេះអាចត្រូវបានប្រើ ដើម្បីការពារទីតាំងយោធា និងស៊ីវិល នៅក្នុងតំបន់ទីក្រុង។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា អាវុធឡាស៊ែរនេះងាយស្រួលកំណត់គោលដៅ និងថែទាំ។
ប្រសិទ្ធភាពវាយប្រហាររបស់អាវុធនេះ គឺមានចម្ងាយ ៥០-៥០០ម៉ែត្រ។ ថាមពលឡាស៊ែរ គឺ ០,៧៥- ២,០ គីឡូវ៉ាត់។ អាវុធនេះ មានទម្ងន់ ៤- ៤,៥គីឡូក្រាម។
ពិព័រណ៍ការពារជាតិពិភពលោកឆ្នាំ ២០២៦ កំពុងប្រព្រឹត្តទៅនៅរដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ខែកុម្ភៈ៕
