រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីចិនរបស់លោកគឺលោក វ៉ាង យី (Wang Yi) នៅទីក្រុងប៊ុយដាប៉ែសថា សហភាពអឺរ៉ុប កំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយផ្គត់ផ្គង់អាវុធ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ទីក្រុងគីវ។

លោក Szijjarto បាននិយាយថា៖«ខ្ញុំបានប្រាប់លោករដ្ឋមន្ត្រីថា ជាអកុសល ជនជាតិអឺរ៉ុបនៅតែបន្តធ្វើឲ្យ ខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសន្តិភាព»។ យោងតាមលោក ទង្វើនេះត្រូវបានបញ្ជាក់ដោយការបង្កើតសម្ព័ន្ធភាពរវាងទីក្រុងគីវ និងទីក្រុងប្រ៊ុចសែល ដែលមានគោលបំណងផ្គត់ផ្គង់អាវុធ និងប្រាក់ពីសហភាពអឺរ៉ុបទៅឲ្យអ៊ុយក្រែន និងពន្លឿនការចូលរបស់ខ្លួន ទៅក្នុងសហភាពនេះ។
លោករដ្ឋមន្ត្រីការបរទេស បានសង្កត់ធ្ងន់ថា៖«រដ្ឋាភិបាលអធិបតេយ្យភាពនៃប្រទេសហុងគ្រី ដែលផ្តោតលើការការពារផលប្រយោជន៍ជាតិប្រឆាំងនឹងរឿងនេះ។ ជនជាតិហុងគ្រីតស៊ូដើម្បីសន្តិភាព។ ការបន្ត សង្គ្រាម និងសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍របស់យើង»។
ទន្ទឹមនឹងនេះ លោកបានកត់សម្គាល់ថា ប្រទេសហុងគ្រីកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់ប្រទេសចិន ដែលមានគោលបំណងបញ្ចប់ជម្លោះអ៊ុយក្រែន។ លោក Szijjarto បាននិយាយថា៖«យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនចំពោះការគាំទ្ររបស់ខ្លួនដល់សន្តិភាពនៅអ៊ុយក្រែន»៕
