ក្រុមមេដឹកនាំទួរគី និងក្រិក បានបង្ហាញពីបំណងរបស់ពួកគេក្នុងការដោះស្រាយបញ្ហាវិវាទសមុទ្រជាយូរអង្វែងដែលបានធ្វើឲ្យរកាំរកូសដល់ទំនាក់ទំនងរបស់ពួកគេ អំឡុងកិច្ចពិភាក្សាការងារក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធ ស្របពេលដែលសម្ព័ន្ធមិត្តអង្គការណាតូ និងគូប្រជែងជាប្រវត្តិសាស្រ្តទាំង ២នេះ ព្យាយាមបង្កើតទំនាក់ទំនងកក់ក្តៅ ។
ប្រទេសជិតខាងទាំង ២ បានស្ថិតនៅក្នុងជម្លោះ ជុំវិញបញ្ហាជាច្រើនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេសបញ្ហាព្រំដែនសមុទ្រ និងសិទ្ធិនៅសមុទ្រ Aegean ដែលជាតំបន់មួយគេជឿថាសម្បូរធនធានថាមពល ព្រមទាំងផលវិបាកសំខាន់ៗសម្រាប់ដែនអាកាស និងសកម្មភាពយោធា ។
បន្ទាប់ពីភាពតានតឹងកើនឡើងអស់រយៈពេលជាច្រើនឆ្នាំ ការប្រកាសទំនាក់ទំនងមេត្រីភាពឆ្នាំ ២០២៣ ជំរុញឲ្យធូរស្បើយវោហាសាស្រ្តរវាងប្រទេសទាំង ២ បើទោះបីជាបញ្ហាសមុទ្រនៅតែមិនទាន់ដោះស្រាយក៏ដោយ ហើយពួកគេ នៅតែពុំទាន់ឯកភាពគ្នាលើបញ្ហាក្នុងតំបន់ ។

ថ្លែងទៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងអង់ការ៉ា ជាមួយនាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis ប្រធានាធិបតីទួរគីលោក Tayyip Erdogan និយាយថា ពួកគេបានពិភាក្សាលើបញ្ហារបស់ពួកគេនៅសមុទ្រ Aegean និងតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ តាមវិធីស្មោះត្រង់ និងបើកទូលាយ អំឡុងជំនួប ។
លោកថា ប្រទេសទាំង ២នឹងបន្តធ្វើការ ដើម្បីសម្រេចបានគោលដៅរបស់ពួកគេ ក្នុងការឈានដល់ពាណិជ្ជកម្មទ្វេភាគី ១០ពាន់លានដុល្លារ ។
ដោយឡែក លោក Mitsotakis និយាយដែរថា លោកសង្ឃឹមថា កាលៈទេសៈនេះ នឹងធ្វើឲ្យភាគីទាំង ២ អាចដោះស្រាយជម្លោះលើការកំណត់ព្រំដែនសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ នៅសមុទ្រ Aegean និងតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ៕
