អគ្គលេខាធិការអង្គការណាតូលោក Mark Rutte និយាយថា សហរដ្ឋអាមេរិកកំពុងដាក់រាល់សម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេជាមួយអ៊ុយក្រែន ស្របពេលដែលក្រុមរដ្ឋមន្រ្តីការពារជាតិរបស់សម្ព័ន្ធមិត្តមួយនេះ ជួបជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃព្រហស្បតិ៍នេះ ។

លោក Rutte និយាយថា លោកពិតជាគិតថា សហរដ្ឋអាមេរិក កំពុងធ្វើអ្វីមួយច្បាស់លាស់ដែលពួកយើងត្រូវការ ជាអ្វីដែលត្រូវបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោកបានបញ្ជាក់ផងដែរពីទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ី និងការចែកចាយអាវុធ តាមរយៈកម្មវិធី Prioritised Ukraine Requirements List ។
នៅពេលសួរថាតើ អវត្តមានរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth នៅក្នុងជំនួបបង្ហាញការប្តេជ្ញាចិត្តចុះខ្សោយរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូដែរឬទេ លោក Rutte និយាយថា លោកយល់ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែរក្សាកម្លាំងអង្គការណាតូឲ្យមានតុល្យភាព ជាមួយអាទិភាពរបស់ពួកគេ នៅអឌ្ឍគោលខាងលិច និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងត្រូវតំណាងនៅក្នុងជំនួបនេះ ដោយអនុរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកគោលនយោបាយ គឺលោក Elbridge Colby ៕
