តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Lee Sang-min ឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ពាក់ព័ន្ធនឹងតួនាទីរបស់លោក អំឡុងពេលមានវិបត្តិច្បាប់អាជ្ញាសឹកឆ្នាំ២០២៤។
គួររំលឹកថា លោក Yoon បានប្រកាសគ្រប់គ្រងដោយយោធាភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២៤ ដោយដាក់ពង្រាយកងទ័ពប្រដាប់អាវុធទៅកាន់រដ្ឋសភា នៅក្នុងទីក្រុងសេអ៊ូល និងផ្អាកអំណាចរដ្ឋាភិបាលស៊ីវិល។
តុលាការទីក្រុងសេអ៊ូល បានរកឃើញថា លោក Lee បានណែនាំអាជ្ញាធរឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីរបស់ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានចាត់ទុកថា រិះគន់លោក Yoon។ អង្គចៅក្រមបានប្រកាសនៅក្នុងសាលក្រមតាមទូរទស្សន៍ថា៖ «សកម្មភាពបះបោរធ្វើឲ្យប៉ះពាល់ដល់តម្លៃស្នូលនៃលទ្ធិប្រជាធិបតេយ្យ ហើយហេតុដូច្នេះ តម្រូវឲ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ»។
ដោយបានប្រកាសពីការកាត់ទោសលោក Lee ឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ អង្គចៅក្រមបានបន្ថែមថា៖ «ដោយបានបញ្ជាឲ្យទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិសហការផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹកដល់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ចុងចោទបានមានចំណែករួមក្នុងការបះបោរនេះ»។
តុលាការក៏បានផ្ដន្ទាទោសផងដែរ ចំពោះលោក Lee ពីបទស្បថបំពាន ដោយបានបដិសេធថា លោកមិនបានចេញបញ្ជាបែបនេះ នៅក្នុងដំណើរការកាត់ក្ដីនៅមុននេះ៕