ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានជួបជុំគ្នានៅស្ថានីយរថភ្លើងដ៏សំខាន់នៅក្នុងទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេមុនបុណ្យចូលឆ្នាំចិន ។
នៅស្ថានីយរថភ្លើងក្រុងប៉េកាំង ពលរដ្ឋជាច្រើនអូសវ៉ាលីសំពីងសំពោង ដើម្បីឡើងជិះរថភ្លើងទៅកាន់ទីក្រុងកំណើតរបស់ពួកគេ ជាការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយក្រុមគ្រួសាររបស់ពួកគេ ខណៈពលរដ្ឋខ្លះទៀត ពិបាករកទិញសំបុត្ររថភ្លើង ។
លោក Zhao Tianhao គឺជាអ្នកដំណើរម្នាក់មកពីខេត្ត Liaoning និយាយថា លោកនៅមិនទាន់ទទួលបានសំបុត្រនោះទេ ។ លោកបន្តថា ពលរដ្ឋខ្លះសម្រេចមិនព្រមទៅស្រុកកំណើត ដោយសារតម្លៃសំបុត្ររថភ្លើងខ្ពស់ខ្លាំងពេក ខណៈពលរដ្ឋខ្លះទៀត សម្រេចមិនព្រមទៅស្រុកកំណើតដូចគ្នា ដោយសារពួកគេពិបាកទិញសំបុត្ររថភ្លើង ។
គួរឲ្យដឹងថា ការធ្វើដំណើររយៈពេល ៤០ថ្ងៃ អំឡុងរដូវកាលបុណ្យចូលឆ្នាំចិន បានចាប់ផ្តើមកាលពីថ្ងៃទី ២ ខែកុម្ភៈ ក្នុងឆ្នាំនេះ ហើយនិងមានពេលរហូតដល់ថ្ងៃទី ១៣ ខែមីនា ។
ក្រសួងដឹកជញ្ជូនចិនប៉ាន់ប្រមាណថា រថភ្លើង នឹងដឹកអ្នកដំណើរ ៥៤០លាននាក់ អំឡុងរដូវចូលឆ្នាំចិននេះ ៕