បាល់ទាត់៖ ក្លិបបាល់ទាត់ធំៗនៅអឺរ៉ុបរួមមាន Manchester City, Real Madrid និង Barcelona សុទ្ធតែបានចរចាទិញខ្សែប្រយុទ្ធណ័រវេយ Erling Haaland នាពេលកន្លងមក ហើយក៏កំពុងរង់ចាំការសម្រេចចិត្តរបស់កីឡាករវ័យ ២១ឆ្នាំរូបនេះផងដែរ។
បើតាមអ្នកកាសែតកីឡាអេស្ប៉ាញល្បីឈ្មោះមួយរូបលោក Guillem Balague ថា Erling Haaland នឹងធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនក្នុងរយៈពេល ១០ថ្ងៃខាងមុខ។ អតីតខ្សែប្រយុទ្ធ Red Bull Salzburg រូបនេះនឹងអស់សុពលភាពកិច្ចសន្យានៅឆ្នាំ២០២៤ តែបើតាមរយៈកិច្ចសន្យានេះ Haaland អាចនឹងចាកចេញពី Dortmund បានក្នុងតំលៃប្រហែលជាង ៦០លានផោន។ លោក Guillem Balague បន្តថា Bayern Munich មុននេះក៏ស្ថិតក្នុងការចរចាដែរតែបានដកខ្លួនវិញ។ សូមបញ្ជាក់ថា Erling Haaland បានស៊ុតបញ្ចូលទី ២៣គ្រាប់ហើយក្នុងការបង្ហាញខ្លួន ២៣ប្រកួតប៉ុណ្ណោះរដូវកាលនេះនៅ Borussia Dortmund ដែលជាស្ថិតិស៊ុតបញ្ចូលទីខ្ពស់បំផុតមួយរបស់ក្លិបតាំងពីការមកដល់នៅឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ