ក្រុមជីវពលសម្លាប់នគរបាល ៥នាក់ នៅតំបន់ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ស្របពេលដែលប្រទេសនៅអាស៊ីខាងត្បូងមួយនេះ មើលឃើញរលកកើនឡើងនៃអំពើហិង្សាអ៊ិស្លាម ។
នគរបាលនិយាយថា ពួកគេរងការវាយប្រហារ ពេលដែលពួកគេវិលត្រឡប់ពីប្រតិបត្តិការប្រឆាំងក្រុមជីវពលនៅតំបន់ជាយក្រុង Dera Ismail Khan ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមជីវពលដែលបានលាក់ខ្លួននៅក្នុងព្រៃ បានបើកការបាញ់ប្រហារលើនគរបាលល្បាត ហើយក្រុមនគរបាល បានសម្លាប់ក្រុមជីវពល ៤នាក់វិញ នៅក្នុងការវាយប្រហារសងសឹក ។
រូបភាពវីដេអូឃ្លីបឃើញរថយន្តដឹកក្រុមមន្រ្តីរងរបួសទៅកាន់មន្ទីរពេទ្យ Teaching ស្ថិតក្នុងទីក្រុង Dera Ismail Khan ដើម្បីព្យាបាល ។ នៅពុំទាន់មានភាគីណាមួយប្រកាសទទួលស្គាល់ចំពោះការវាយប្រហារនេះនោះទេ ។
គួរឲ្យដឹងថា ទីក្រុង Dera Ismail Khan ស្ថិតនៅជាប់ស្រុកគ្មានច្បាប់ទម្លាប់ Waziristan តាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន ដែលជាទីតាំងលាក់ខ្លួនរបស់ក្រុមជីវពលអ៊ិស្លាម ដែលភាគច្រើនគឺជាក្រុមតាលីបង់ក្នុងស្រុកដែលគេស្គាល់ថាជាក្រុម Tehreek-e-Taliban Pakistan ៕