មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam មានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំបើកសម្ពោធក្រុមប្រឹក្សាសន្តិភាព (Board of Peace) ជាគំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីដោះស្រាយជម្លោះសកល។ នេះបើយោងតាមបុគ្គល ២រូព ដែលត្រូវបានជូនដំណឹងអំពីបញ្ហានេះ និងឯកសារដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចនេះនឹងជាលើកទី១ របស់លោក Lam នៅទឹកដីអាមេរិក គិតចាប់តាំងពីមានការអះអាងតែងតាំងរូបលោក នៅក្នុងខែមករា ជាប្រធានគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់វៀតណាម។
ប្រភពដែលបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារតែព័ត៌មាននេះមិនត្រូវបានបង្ហាញជាសាធារណៈនោះ បាននិយាយថា ដំណើរទស្សនកិច្ចនេះក៏អាចរួមបញ្ចូលការប្រកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាក់ទងនឹងអាកាសចរណ៍ផងដែរ។
វៀតណាម និងសហរដ្ឋអាមេរិក កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់អត្រាពន្ធ ២០ភាគរយលើទំនិញវៀតណាម នៅក្នុងខែសីហា ទោះបីជាគេមិនទាន់ច្បាស់លាស់ថា តើទំនងជាមានវឌ្ឍនភាពណាមួយ នៅសប្តាហ៍ក្រោយដែរ ឬអត់ក៏ដោយ។
ភាគីទាំង២ បានធ្វើកិច្ចចរចាពាណិជ្ជកម្មជុំទី៦ កាលពីសប្តាហ៍មុន ប៉ុន្តែបានប្រកាសថា មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ទាប់ពីនោះទេ។ ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបនោះឡើយ ទៅនឹងសំណើសុំការអត្ថាធិប្បាយ ជុំវិញដំណើរទស្សនកិច្ចនេះ។
យោងតាមមន្ត្រីអាមេរិកម្នាក់ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់ដឹកនាំក្រុមប្រឹក្សាសន្តិភាពលើកដំបូង នឹងត្រូវធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី១៩ ខែកុម្ភៈ៕