ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើមហើយ នៅក្នុងការបោះឆ្នោតជាតិដ៏សំខាន់របស់ប្រទេសបង់ក្លាដែស នាថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បន្ទាប់ពីមនុស្សរាប់សិបលាននាក់ បានចេញទៅបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី ក្រោយពីមានទម្លាក់នាយករដ្ឋមន្ត្រីយូរអង្វែង លោកស្រី Sheikh Hasina ចេញពីតំណែង ក្នុងឆ្នាំ២០២៤ អំឡុងការបះបោរដ៏ចលាចលដែលជំរុញដោយក្រុមមនុស្ស Gen Z។
ទោះបីជាតួលេខចុងក្រោយមិនទាន់មានភ្លាមៗក៏ដោយ ក៏លោក Akhtar Ahmed លេខាធិការជាន់ខ្ពស់នៃគណៈកម្មរៀបចំការបោះឆ្នោត បានប្រាប់សារយកព័ត៌មានថា អ្នកបោះឆ្នោតជិតពាក់កណ្តាល បានទម្លាក់សន្លឹកចូលធុងនៅឯមជ្ឈមណ្ឌលបោះឆ្នោតចំនួន ៣៦.០៣១កន្លែង ក្នុងចំណោមមជ្ឈមណ្ឌលបោះឆ្នោត ៤២.៦៥១ ត្រឹមម៉ោង ២រសៀល (ម៉ោងក្នុងស្រុក) ដោយនៅសល់ពេលវេលា ២ម៉ោងកន្លះទៀត។ កម្រិតនោះ គឺច្រើនជាងចំនួនអ្នកចូលរួមបោះឆ្នោតសរុប ៤២ភាគរយ នៅក្នុងការបោះឆ្នោតចុងក្រោយ កាលពីឆ្នាំ២០២៤។
ក្រុមអ្នកវិភាគលើកឡើងថា លទ្ធផលដ៏ម៉ឺងម៉ាត់ មានសារៈសំខាន់ណាស់ សម្រាប់អភិបាលកិច្ចដ៏រឹងមាំនៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១៧៥លាននាក់នេះ ខណៈដែលការតវ៉ាបណ្ដាលឲ្យមានអ្នកស្លាប់ច្រើន ប្រឆាំងនឹងលោកស្រី Hasina បានបង្កឲ្យកើតភាពចលាចលអស់រយៈពេលជាច្រើនខែ និងបានរំខានដល់ឧស្សាហកម្មសំខាន់ៗ ក្នុងនោះរួមទាំងវិស័យដ៏ធំ គឺសម្លៀកបំពាក់ដែលជាវិស័យនាំចេញធំជាងគេទី២ របស់ពិភពលោក។
នេះគឺជាការបោះឆ្នោតទី១ របស់ពិភពលោក បន្ទាប់ពីមានការបះបោរដែលដឹកនាំដោយក្រុមមនុស្សអាយុក្រោម ៣០ឆ្នាំ ឬ Gen Z ដែលប្រទេសនេប៉ាល់នឹងរៀបចំដំណើរការនេះបន្ទាប់ នៅខែក្រោយ។
មន្ត្រីគណៈកម្មការបោះឆ្នោតបានឲ្យដឹងថា ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើមហើយនៅម៉ោង ៤:៣០រសៀល (ម៉ោងក្នុងស្រុក) នៅតាមការិយាល័យបោះឆ្នោតភាគច្រើន ពោលគឺភ្លាមៗបន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទ ដោយលទ្ធផលបថមត្រូវបានគេរំពឹងថា នឹងដឹងនៅប្រហែលជាពាក់កណ្តាលអធ្រាត្រ ខណៈលទ្ធផលទាំងស្រុង ទំនងជាដឹងច្បាស់លាស់នៅព្រឹកថ្ងៃសុក្រ។
ការប្រកួតប្រជែងនេះ មានសម្ព័ន្ធភាព ២ ដឹកនាំដោយអតីតសម្ព័ន្ធមិត្ត គឺគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងគណបក្ស Jamaat-e-Islami ដោយការស្ទង់មតិបានបង្ហាញពីការមានប្រៀបតិចតួចរបស់គណបក្ស BNP៕