កាលពីថ្ងៃពុធម្សិលមិញ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានចាប់ផ្តើមកើបកាកសំណល់សំរាមសល់ពីសង្រ្គាម ដែលលេបយកស្រុកមួយក្នុងចំណោមស្រុកពាណិជ្ជកម្មចាស់ៗបំផុតនៅក្នុងទីក្រុងហ្កាហ្សា ហើយនិងជាហានិភ័យសុខភាព និងបរិស្ថាន ។
លោក Alessandro Mrakic គឺជាប្រធានការិយាល័យហ្កាហ្សារបស់កម្មវិធី UNDP និយាយថា ការងារបានចាប់ផ្តើមកើបកាកសំណល់សំរាមរឹងចេញពីផ្សារ Fras ដែលធ្លាប់ជាផ្សារដ៏មមាញឹកមួយនៅក្នុងទីក្រុងហ្កាហ្សា ។ លោកបន្តថា គំនរសំរាមនេះ មានកម្ពស់ ១៣ម៉ែត្រ និងមានទម្ងន់ប្រហែលជាង ៣០តោន ។
គំនរសំរាមនេះដែរ បានកើតមានក្រោយក្រុមការងារក្រុង ត្រូវបានរារាំងពីការធ្វើដំណើរទៅដល់ទីលានចាក់សំរាមសំខាន់របស់តំបន់ហ្កាហ្សា ស្ថិតនៅតំបន់ Juhr al Dik ដែលនៅជាប់ព្រំដែនអ៊ីស្រាអែល ពេលដែលសង្រ្គាមហ្កាហ្សា បានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ ២០២៣ ។ បច្ចុប្បន្ន តំបន់ Juhr al-Dik ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់អ៊ីស្រាអែល ។
នៅក្នុងរយៈពេល ៦ខែបន្ទាប់ កម្មវិធី UNDP មានគម្រោងនាំយកកាកសំណល់សំរាមទាំងនេះ ទៅកាន់ទីតាំងបណ្តោះអាសន្នថ្មី ដែលរៀបចំនៅតំបន់ Abu Jarad ស្ថិតនៅភាគខាងត្បូងទីក្រុងហ្កាហ្សា ដែលត្រូវបានកសាងឡើង ដើម្បីឈានដល់ស្តង់ដាបរិស្ថាន ៕