យោងតាមបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយប្រព័ន្ធផ្សព្វផ្សាយ NBC News បានឲ្យដឹងថា ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez បាននិយាយថា លោកស្រីត្រូវបានអញ្ជើញឲ្យទៅសហរដ្ឋអាមេរិក នៅពេលដែលរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានទៅទស្សនកិច្ចនៅទីក្រុងការ៉ាកាស ។
លោកស្រី Rodríguez ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «ខ្ញុំត្រូវបានអញ្ជើញឲ្យទៅសហរដ្ឋអាមេរិក។ យើងកំពុងពិចារណាទៅទីនោះ នៅពេលដែលយើងបង្កើតបាននូវកិច្ចសហប្រតិបត្តិការនេះ ហើយយើងអាចបន្តឆ្ពោះទៅមុខជាមួយនឹងអ្វីៗគ្រប់យ៉ាង»។
លោកស្រី Rodriguez អតីតអនុប្រធានាធិបតី និងជារដ្ឋមន្ត្រីប្រេង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅដើមខែមករា បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ពីអំណាច។
លោកស្រី និងលោក Wright ប្រឈនឹងភារកិច្ចដ៏លំបាកក្រៃលែង ក្នុងការរៀបចំឲ្យឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡាងើបឡើងវិញ បន្ទាប់ពីមានការវិនិយោគមិនគ្រប់គ្រាន់ ការគ្រប់គ្រងមិនល្អ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ ខណៈពេលដែលផ្ដល់អាទិភាពចម្បងដល់វិនិយោគិនអាមេរិក។
តែយ៉ាងណាក្ដី ជាមួយគ្នានេះ លោកស្រី Rodriguez បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NBC ថា លោកស្រីនៅតែជឿជាក់ថា លោក Maduro ដែលកំពុងត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ ជុំវិញគ្រឿងញៀន និងអាវុធ នៅតែជាមេដឹកនាំស្របច្បាប់របស់ប្រទេសតំបន់អាមេរិកឡាទីនមួយនេះ៕