
ក្រសួងការពារជាតិស៊ីរី និយាយថា កងកម្លាំងស៊ីរីដណ្តើមបានការគ្រប់គ្រងមូលដ្ឋានយោធាយុទ្ធសាស្រ្ត al-Tanf ស្ថិតនៅជិតព្រំដែនអ៊ីរ៉ាក់ និងហ៊្សកដានី ស្របពេលមានការដកទាហានសហរដ្ឋអាមេរិកចេញពីទីនោះ ។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃព្រហស្បតិ៍ អង្គភាពកងទ័ពអារ៉ាប់ស៊ីរី ដណ្តើមបានការគ្រប់គ្រងមូលដ្ឋានទ័ព al-Tanf និងតំបន់ជុំវិញមូលដ្ឋាន តាមរយៈការសម្របសម្រួលរវាងភាគីស៊ីរី និងសហរដ្ឋអាមេរិក ។
ក្រសួងបន្តថា អង្គភាពកងទ័ពអារ៉ាប់ស៊ីរី ចាប់ផ្តើមដាក់ពង្រាយនៅតាមតំបន់ព្រំដែនស៊ីរី អ៊ីរ៉ាក់ និងហ៊្សកដានី ខណៈឆ្មាំព្រំដែន នឹងត្រូវដាក់ពង្រាយតាមក្រោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
មូលដ្ឋានទ័ពនេះ ត្រូវបានបង្កើតឡើង អំឡុងសង្រ្គាមស៊ីវិលស៊ីរី កាលពីឆ្នាំ ២០១៤ ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ប្រតិបត្តិការដោយកងកម្លាំងចម្រុះសកល ប្រឆាំងនឹងក្រុម ISIS ដែលនៅពេលនោះ ក្រុមមួយនេះ បានគ្រប់គ្រងតំបន់ជាច្រើននៅស៊ីរី និងអ៊ីរ៉ាក់ រហូតដល់ពួកគេត្រូវបានកម្ចាត់ចោលអស់ ក្នុងឆ្នាំ ២០១៧ ។
ការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីមូលដ្ឋានទ័ពនេះ បានកើតមានឡើងរយៈពេលប៉ុន្មានខែ ប៉ុណ្ណោះ ក្រោយប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaaដែលជាអតីតមេដឹកនាំក្រុមប្រដាប់អាវុធ Hayat Tahrir al-Sham បានចូលរួមជាមួយក្រុមចម្រុះប្រឆាំងក្រុម ISIL កាលពីខែវិច្ឆិកា ឆ្នាំមុន ៕