ប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ ធ្វើបទបង្ហាញ អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់-ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល”ជូនថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ ដឹកនាំដោយលោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ។
ជំនួបនោះគណៈប្រតិភូក្រុមហ៊ុននៃក្រុមហ៊ុនទាំងពីរ បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ នៃ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់-ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការ ផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយ អ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company។ តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មានជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាព នៃការសិក្សា គម្រោង និងបច្ចេកវិទ្យានានាសម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។
សូមជម្រាបថា ទាក់ទងគម្រោងខាងលើនេះ ក្រុមហ៊ុនទាំងពីរបានសហការសិក្សាគ្នា ក្នុងគោលបំណងរួមមាន៖ (១)- បង្កើតថាមពល ស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ប្លាស្ទិកទៅជាអគ្គិសនី, (២)- បង្កើនអាយុកាលនៃទីលានចាក់សំរាម, (៣)- លើក កម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, (៤)- លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង (៥)- ពង្រឹងការគ្រប់គ្រងការចំណាយ ក្នុង ការកែច្នៃកាកសំណល់ក្នុងទីក្រុង៕អត្ថបទ៖ សុន រ៉ាឌី





