ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើដល់ភាគី អូស្រ្តាលី ឱ្យបន្តជួយបណ្តុះបណ្តាលផ្នែកធន់ធានមនុស្ស និងបច្ចេកទេសនានា ដល់កងទ័ពកម្ពុជាបន្ថែមទៀត ខណៈជំនួយខ្លះបានអាក់ខានមួយរយៈ ដោយសារការរីករាលដាលនូវមេរោគកូវីដ១៩។
នៅក្នុងកិច្ចជំនួបមួយជាមួយ លោក ប៉ាប្លូ កាង (Pablo KANG) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមីនានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់ភាគីអូស្ត្រាលីឱ្យបង្កើនផ្តល់វគ្គបណ្តុះបណ្តាលអាហារូបករណ៍សម្រាប់ថ្នាក់មូលដ្ឋាន នៅតាមបណ្តាសាកលវិទ្យាល័យនៅកម្ពុជា ដែលបានផ្អាកមួយរយៈពេលកន្លងមក និងទៅសិក្សានៅប្រទេសអូស្ត្រាលី។ បន្តរៀបចំកម្មវិធីក្រុមបាញ់កាំភ្លើងជើងគោក ដែលបានផ្អាកដោយសារបញ្ហាជំងឺកូវីដ-១៩។ ជួយគាំទ្រដល់ការពង្រឹងសមត្ថភាពនាយទាហាន សិក្ខាកាមកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ ជួយគាំទ្រលើផ្នែកច្បាប់រដ្ឋបាល និងបច្ចេកទេសដល់មន្ត្រីអគ្គលេខាធិការដ្ឋានសន្តិសុខលម្ហសមុទ្រជាដើម។
សម្តេចពិជ័យសេនា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពកម្ពុជា និងអូស្រ្តាលី នាពេលកន្លងទៅផងដែរ ដែលនៅសាកលវិទ្យាល័យការពារជាតិកម្ពុជា អូស្រ្តាលី បានជួយជួសជុល បន្ទប់បំពេញការងារ បណ្ណាល័យភាសាបរទេស បន្ទប់ទឹកសិក្ខាកាម សាងសង់បន្ទប់ប្រចាំការ និងសម្រាកថ្ងៃត្រង់យោធាចារ្យនារី ជួសជុលកន្លែងលេងកីឡាបាល់ទះ និងសាងសង់ទីលាន ហ្វឹកហាត់ការងារបដិសណ្ឋារកិច្ច ជួយបង្កើនសមត្ថភាពផ្នែកនិយាយភាសាអង់គ្លេសថ្នាក់អនុបណ្ឌិតផ្នែកអប់រំសិក្សាធិការជាដើម។
កងទ័ពអូស្ត្រាលី បានទទួលសិក្ខាកាមទៅសិក្សាបណ្ឌិតសភាយោធា ភាសាអង់គ្លេសកម្រិតខ្ពស់ មធ្យមអភិវឌ្ឍន៍ភាសាអង់គ្លេស និងកម្មវិធីអាហារូបករណ៍កិច្ចសហប្រតិបត្តិការការពារជាតិ។ បានបណ្ដុះបណ្ដាលវគ្គថ្នាក់អនុបណ្ឌិតស្រាវជ្រាវ ស្តីពីសន្តិសុខលំហសមុទ្រ ជួយគាំទ្រឧបករណ៍សម្ភារៈសម្រាប់ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
សម្តេចពិជ័យសេនា បានអរគុណរដ្ឋាភិបាល និងក្រសួងការពារប្រទេសអូស្ត្រាលី ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង ចំណងមិត្តភាពជាមួយកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២១ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ ជាសកលយ៉ាងណាក្ដី ប៉ុន្តែរដ្ឋាភិបាល ក្រសួងការពារប្រទេសអូស្ត្រាលី នៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិ តាមរយៈការផ្ដល់សម្ភារៈ និងបរិក្ខារពេទ្យ គាំទ្រយុទ្ធនាការប្រយុទ្ធនឹងជំងឺកូដ-១៩ដល់កងយោធពលខេមរភូមិន្ទ ការទស្សនកិច្ចនាវាយោធាអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយគាំទ្រដល់ការងាររៀបចំសៀវភៅ-សការ ពារជាតិ ឆ្នាំ២០២២-២០២៧ផងដែរ។
លោក ប៉ាប្លូ កាង (Pablo KANG) បានបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរ នៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដូចនឹងអ្វីដែលភាគីទាំងពីរ បានធ្វើរួមគ្នានាពេលកន្លងទៅយ៉ាងដូច្នោះដែរ៕អត្ថបទ៖ បាន ចក់