ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១២កុម្ភៈសប្ដាហ៍នេះថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចឈានដល់កិច្ចព្រមព្រៀងមួយ "ក្នុងរយៈពេលមួយខែទៀត" ខណៈព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុត ប្រសិនបើការចរចាបរាជ័យ។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរៀបចំកិច្ចចរចាដោយប្រយោលលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅប្រទេសអូម៉ង់កាលពីថ្ងៃទី៦កុម្ភៈ។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោកត្រូវតែធ្វើកិច្ចព្រមព្រៀងមួយ បើមិនដូច្នោះទេ នឹងមានផលវិបាកធ្ងន់ធ្ងរបំផុត។ លោកមិនចង់ឱ្យរឿងនោះកើតឡើងទេ ដូច្នេះពួកលោកត្រូវតែធ្វើកិច្ចព្រមព្រៀងឲ្យបាន។
លោក Trump ដែលកំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ាដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ បានរំលឹកឡើងវិញនូវការវាយប្រហារយោធារបស់អាមេរិកដែលលោកបានបញ្ជាឱ្យដាក់គោលដៅលើរោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ក្នុងអំឡុងពេលសង្គ្រាមរយៈពេល១២ ថ្ងៃរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ក្នុងខែកក្កដា ឆ្នាំ២០២៥។
លោក Trump បានបន្ថែមថា ពួកលោកនឹងរង់ចាំមើលថាតើអាមេរិកអាចទទួលបានកិច្ចព្រមព្រៀងជាមួយពួកគេបានឬអត់ ហើយប្រសិនបើមិនអាចធ្វើបានទេ ពួកលោកនឹងត្រូវបន្តទៅដំណាក់កាលទីពីរ។ ដំណាក់កាលទីពីរនឹងពិបាកខ្លាំងណាស់សម្រាប់ពួកគេ។
ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងស្របពេលមានសម្ពាធជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ រួមទាំងការពង្រីកវត្តមានយោធាអាមេរិកនៅមជ្ឈិមបូព៌ា។ សហរដ្ឋអាមេរិកបានដាក់ពង្រាយទ្រព្យសម្បត្តិកងទ័ពជើងទឹកជាច្រើនទៅកាន់តំបន់នេះ រួមទាំងនាវាផ្ទុកយន្តហោះ USS Abraham Lincoln ខណៈមន្ទីរបញ្ចកោណត្រូវបានគេរាយការណ៍ថាបានណែនាំក្រុមវាយប្រហារនាវាផ្ទុកយន្តហោះទីពីរឱ្យត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយដែលអាចកើតមាន៕

