ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នាយ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ១២កុម្ភៈសប្ដាហ៍នេះលើផែនការមួយដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្លុកដែលមានសមាជិក២៧ប្រទេសនេះ ឡើងវិញ ដើម្បីធ្វើឱ្យកាន់តែមានការប្រកួតប្រជែង ខណៈប្លុកនេះប្រឈមសម្ពាធពីប្រធានាធិបតីអាមេរិក Donald Trump វិធីសាស្ត្រសម្ពាធពីប្រទេសចិន និងការគំរាមកំហែងពីរុស្ស៊ី។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា កិច្ចប្រជុំក្នុងវិមានបែលហ្ស៊ិក បណ្ដាមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើ "ផែនការសកម្មភាព" ជាមួយនឹងពេលវេលាកំណត់យ៉ាងតឹងរ៉ឹងសម្រាប់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ លោកស្រីបាននិយាយថា សម្ពាធ និងអារម្មណ៍នៃភាពបន្ទាន់គឺធំធេងណាស់។
លោកស្រីបាននិយាយថា ផែនការនេះ ដែលនឹងត្រូវបង្ហាញជាផ្លូវការក្នុងខែមីនា នឹងរួមបញ្ចូលវិធានការដើម្បីសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវបណ្តាញថាមពល ធ្វើឱ្យសមាហរណកម្មហិរញ្ញវត្ថុកាន់តែស៊ីជម្រៅ និងបន្ធូរបន្ថយបទប្បញ្ញត្តិរួមបញ្ចូលគ្នា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអឺរ៉ុបរីកចម្រើន ក្នុងការប្រកួតប្រជែងកាន់តែប្រសើរឡើងទូទាំងពិភពលោក។
លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានហៅកិច្ចប្រជុំនេះថាជា "អ្នកផ្លាស់ប្តូរហ្គេមពិតប្រាកដ" ខណៈក្រុមមេដឹកនាំប្លុកនេះគាំទ្រផែនការដើម្បីធ្វើសមាហរណកម្មបន្ថែមទៀត និងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្លុកមួយនេះមានភាពសាមញ្ញ។
លោក Macron បានលើកឡើងថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបគួរតែទិញផ្តាច់មុខពីក្រុមហ៊ុនផលិតនៅអឺរ៉ុប ខណៈទ្វីបអឺរ៉ុបកំពុងស្វែងរកការចំណាយលើយោធាកាន់តែច្រើនជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ អធិការបតីអាល្លឺម៉ង់និងលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី និយាយថា ការទិញគួរតែធ្វើឡើងពីក្រុមហ៊ុនបរទេស និងក្រុមហ៊ុនអឺរ៉ុប៕

