មន្ត្រីរដ្ឋបាលរបស់លោក Trump បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការចុងក្រោយ ដែលបានបញ្ជាក់ពីអត្រាដំឡើងពន្ធរបស់សហរដ្ឋអាមេរិក១៥ភាគរយសម្រាប់ការនាំចូលពីកោះតៃវ៉ាន់ ខណៈកោះតៃវ៉ាន់ប្តេជ្ញាសម្រាប់ការលុបឬបន្ទាបការដំឡើងពន្ធលើទំនិញស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក។

ឯកសារដែលចេញផ្សាយដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ក៏បានប្តេជ្ញាចំពោះកោះតៃវ៉ាន់ក្នុងការជំរុញការទិញទំនិញអាមេរិកយ៉ាងច្រើនចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៩ រួមទាំងឧស្ម័នធម្មជាតិរាវនិងប្រេងឆៅមានតម្លៃ៤៤,៤ពាន់លានដុល្លារអាមេរិក យន្តហោះស៊ីវិលនិងម៉ាស៊ីនមានតម្លៃ១៥,២ពាន់លានដុល្លារអាមេរិក ឧបករណ៍បណ្តាញអគ្គិសនីនិងម៉ាស៊ីនភ្លើងមានតម្លៃ២៥,២ពាន់លានដុល្លារអាមេរិក និងឧបករណ៍ផលិតដែកថែបផ្សេងទៀត។

កិច្ចព្រមព្រៀងនេះបានបន្ថែមភាសាបច្ចេកទេស និងព័ត៌មានលម្អិតជាក់លាក់ទៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មដែលបានឈានដល់ជាលើកដំបូងនៅក្នុងខែមករា ដែលកាត់បន្ថយការដំឡើងពន្ធលើទំនិញរបស់កោះតៃវ៉ាន់ រួមទាំងពីឧស្សាហកម្មគ្រឿងអេឡិចត្រូនិកមកត្រឹម១៥ភាគរយពី២៩ភាគរយដែលដាក់ដោយលោក Trump កាលពីពេលដំបូង។
មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ(Lai Ching-te) និយាយថា វានឹងធ្វើឱ្យក្របខ័ណ្ឌសេដ្ឋកិច្ច និងពាណិជ្ជកម្មកោះតៃវ៉ាន់-សហរដ្ឋអាមេរិកប្រសើរឡើង កសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឧស្សាហកម្មដែលគួរឱ្យទុកចិត្ត និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្របច្ចេកវិទ្យាខ្ពស់កោះតៃវ៉ាន់-សហរដ្ឋអាមេរិក។