ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) បានបញ្ជាក់ជាថ្មីថា ទីក្រុងគីវ តែងស្វះស្វែងគាំទ្រដល់សំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែបានបន្តទទូចថា នឹងមិនព្រមទទួលយកកិច្ចព្រមព្រៀងណាដែលប៉ះពាល់ដល់អ៊ុយក្រែននោះឡើយ ខណៈលោកប្រធានាធិបតី Donald Trump ចង់ស្វែងរកដំណោះស្រាយជម្លោះ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា ឆ្នាំ២០២៦នេះ របស់អាមេរិក។

ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ The Atlantic ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក Zelenskyy បាននិយាយថា ទីក្រុងគីវ មានឆន្ទៈក្នុងការរៀបចំទាំងការបោះឆ្នោតប្រធានាធិបតី និងការធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាពមួយ ប៉ុន្តែនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់អ៊ុយក្រែននោះទេ។
លោក Zelenskyy ប្រាប់បទសម្ភាសន៍នេះថា៖ «យុទ្ធសាស្ត្រដែលអ៊ុយក្រែនបានជ្រើសរើស គឺដើម្បីឱ្យភាគីអាមេរិកគិតថា អ៊ុយក្រែនមិនចង់បន្តសង្គ្រាមទេ។ នោះហើយជាមូលហេតុដែលអ៊ុយក្រែនបានចាប់ផ្តើមគាំទ្រសំណើរបស់អាមេរិក ក្នុងទម្រង់ណាក៏ដោយដែលបង្កើនល្បឿននៃដំណើរការឆ្ពោះទៅរកសន្តិភាព»។ លោកបន្តថា៖ «អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ហើយទាំងការបោះឆ្នោតជាតិនិងការធ្វើប្រជាមតិ»។
មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានបដិសេធសេចក្ដីរាយការណ៍មួយក្នុងសប្តាហ៍នេះ របស់កាសែត Financial Times ដែលនិយាយថា នឹងមានការប្រកាសផែនការបោះឆ្នោតនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបលើកទី៤ នៃប្រតិបត្តិការយោធារបស់រុស្ស៊ី។ លោក Zelenskyy បាននិយាយថា មិនមែនលោកកំពុងឱបក្រសោបអំណាចនោះទេ ហើយលោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបោះឆ្នោត ប៉ុន្តែដើម្បីធ្វើរឿងនេះបាន សន្តិសុខ ការធានាសន្តិសុខ និងបទឈប់បាញ់ ត្រូវតែមានជាមុនសិន៕

