មន្ត្រីជាន់ខ្ពស់អាមេរិកពីររូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) ថា លោកប្រធានាធិបតី Donald Trump នឹងប្រកាសផែនការកសាងឡើងវិញដែលមានតម្លៃរាប់ពាន់លានដុល្លារ សម្រាប់តំបន់ហ្កាហ្សា និងផែនការលម្អិតសម្រាប់កងកម្លាំងរក្សាស្ថិរភាពដែលអនុញ្ញាតដោយអង្គការសហប្រជាជាតិ (UN) សម្រាប់តំបន់ប៉ាឡេស្ទីនមួយនេះ នៅក្នុងកិច្ចប្រជុំផ្លូវការលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពរបស់លោក នៅសប្តាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីទាំងនោះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គណៈប្រតិភូមកពីយ៉ាងហោចណាស់ ២០ ប្រទេស រួមទាំងប្រមុខរដ្ឋជាច្រើនរូបផងដែរ ត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំ ដែលលោក Trump នឹងធ្វើជាប្រធាននៅថ្ងៃទី ១៩ ខែកុម្ភៈ។ មេដឹកនាំមួយចំនួនបារម្ភថា ក្រុមប្រឹក្សាសន្តិភាពនេះ អាចនឹងព្យាយាមដោះស្រាយជម្លោះផ្សេងទៀតជុំវិញពិភពលោក និងប្រកួតប្រជែងជាមួយ UN។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីអាមេរិក បាននិយាយថា កិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ នឹងផ្តោតតែលើតំបន់ហ្កាហ្សាប៉ុណ្ណោះ។

លោក Trump បានចុះហត្ថលេខាលើឯកសារនានានៅទីក្រុង Davos ប្រទេសស្វីស នៅថ្ងៃទី២៣ ខែមករា ដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាពមួយនេះ។ ការបង្កើតក្រុមប្រឹក្សានេះ ត្រូវបានគាំទ្រដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលជាផ្នែកមួយនៃផែនការសន្តិភាពហ្កាហ្សា របស់លោក Trump។
មហាអំណាចក្នុងតំបន់មជ្ឈិមបូព៌ា រួមមានទួរគី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងកាតា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ធំៗដូចជាឥណ្ឌូនេស៊ី បានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ប៉ុន្តែមហាអំណាចពិភពលោក និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់អាមេរិក ហាក់មានការប្រុងប្រយ័ត្នលើជំហាននេះ៕