យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃសុក្រ (១៣ កុម្ភៈ) នេះ បានព្រមានពី «ការឆ្លើយតបដ៏គួរឱ្យភ័យខ្លាច» ប្រសិនបើខ្លួនរកឃើញយានដ្រូនណាមួយហោះឆ្លងកាត់ព្រំដែនពីកូរ៉េខាងត្បូង ជាថ្មីទៀត ហើយជំរុញអាជ្ញាធរកូរ៉េខាងត្បូង ឱ្យចាត់វិធានការ ដើម្បីទប់ស្កាត់ «ការកើតឡើងវិញនៃការរំលោភបំពានអធិបតេយ្យភាពបែបបង្កហេតុ» ដោយសំដៅលើឧប្បត្តិហេតុដែលយានដ្រូនមួយគ្រឿងហោះចូលដែនអាកាសកូរ៉េខាងជើង ថ្មីៗនេះ។

KCNA បានរាយការណ៍ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីសម្ដែងការកោតសរសើរលើការបញ្ចេញមតិសោកស្តាយចំពោះ «ការឈ្លានពានដោយយានដ្រូន» របស់រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Chung Dong-young ដែលលោកស្រីហៅថា ការស្ដាយក្រោយនេះគឺជា «អាកប្បកិរិយាសមហេតុផល»។
លោកស្រី Kim បាននិយាយថា «សំណាងហើយ» ដែលលោក Chung បានធ្វើអត្ថាធិប្បាយបែបនេះ ដោយបន្ថែមថា ទីក្រុងព្យុងយ៉ាង មិនខ្វល់ថាអ្នកណាជាអ្នកបង្ហោះយានដ្រូននោះទេ ទោះជាបុគ្គលឬអង្គការស៊ីវិលក៏ដោយ ប្រសិនបើយានដ្រូននៅតែមិនបញ្ឈប់ នោះនឹងមានផលវិបាកធ្ងន់ធ្ងរ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានព្យាយាមជួសជុលទំនាក់ទំនងជាមួយកូរ៉េខាងជើង ចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំមុនមក ដោយរិះគន់អ្នកកាន់តំណែងពីមុនរបស់លោក ជុំវិញបញ្ហាបញ្ជូនយានដ្រូនដើម្បីផ្សាយឃោសនាលើទីក្រុងព្យុងយ៉ាង។ កាលពីខែមករាដើមឆ្នាំនេះ កូរ៉េខាងជើងអះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនស៊ើបការណ៍មួយគ្រឿង នៅក្នុងឧប្បត្តិហេតុមួយដែលគំរាមកំហែងដល់កិច្ចខិតខំដោះស្រាយបញ្ហារបស់លោក Lee៕

