
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍និងយល់ស្របចំពោះការចង់ពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាពសំខាន់ៗដែលប្រទេសអារ៉ាប៊ីសាអូឌីតមានបំណងភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសំខាន់ៗដូចជាបច្ចេកវិទ្យា ថាមពល អប់រំទេសចរណ៍និងកសិកម្មជាដើម។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយល់ស្របជាមួយនឹងអារ៉ាប៊ីសាអ៊ូឌីតយ៉ាងដូច្នេះខណៈសម្តេចអនុញ្ញាតឲ្យព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតចូលជួបសំដែងការគួរសម និងពិភាក្សាការងារក្នុងពេលព្រះអង្គម្ចាស់យាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១៨ មីនានេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រះអង្គម្ចាស់ ហ្វាសាល់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីព្រះមហាក្សត្រ និងព្រះទាយាទជូនចំពោះសម្ដេចតេជោហើយក៏បានគោរពជម្រាបជូនសម្ដេចថាដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺតាមការណែនាំដើម្បីពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរផងនិងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង។
ជាការឆ្លើយតបសម្ដេចតេជោបានយល់ស្របជាមួយព្រះអង្គម្ចាស់ ហ្វាសាល់ ហើយក៏បានស្វាគមន៍ និ ងលើកទឹកព្រះទ័យឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការលើរាល់វិស័យជាអាទិភាពដែលមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ដោយឱ្យរៀបចំផែនការសកម្មភាព និងជំរុញការអ ភិវឌ្ឍឲ្យបានជោគជ័យ។
ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានដឹកនាំគណៈប្រតិភូយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ហើយក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់មានជំនួបទ្វេភាគីជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ផលប្រយោជន៍ និងក្តីបារម្ភរួម។ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់កម្ពុជានៅពេល នេះ នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃដែលមានស្រាប់ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕អត្ថបទ៖ មុត សុទ្ធ

