ដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានអំពាវនាវដល់ពលរដ្ឋ ជាពិសេសយុវជនចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះពលរដ្ឋត្រូវការឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី១៣ខែកុម្ភៈនេះ បានឲ្យដឹងថា នៅថ្ងៃទិវានៃក្តីស្រលាញ់ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងរៀបចំកម្មវិធី «ផ្តល់ឈាមផ្តល់ក្តីស្រលាញ់» និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រាះអាយុជីវិតអ្នកត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយរៀងរាល់៣នាទីត្រូវការឈាមមួយប្លោក។ ហើយការបរិច្ចាគឈាមមិនបង្កផលប៉ះពាល់ដល់សុខភាពនោះ។ លើសពីនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ រំពឹងទុកថា ក្នុងថ្ងៃទិវានៃក្តីស្រលាញ់នឹងទទួលបានឈាម៥០០ប្លោកពីអ្នកចូលរួមបរិច្ចាគ។
ដើម្បីអាចបរិច្ចាគឈាមបាន ត្រូវមានលក្ខណៈដូចជា៖មានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំទៅ៦០ ឆ្នាំ, ទម្ងន់៤៥គីឡូក្រាមឡើងទៅ, សម្ពាធឈាមចន្លោះពី១០០/៦០mmhg (មីលីម៉ែត្របារ៉ត) ទៅ ១៤០/៩០ mmhg (មីលីម៉ែត្របារ៉ត), អេម៉ូក្លូប៊ីន ១២.៥ ក្រ/១០០ mmhg (មីលីម៉ែត្របារ៉ត)ឡើងទៅ និងការបរិច្ចាគឈាមអាចធ្វើឡើងរៀងរាល់៣ខែម្តង ចំពោះបុរស និង៤ខែម្តងចំពោះស្ត្រី៕ អត្ថបទ៖ ទូច សោភ័ណ


