នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងល្អរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចត្រូវបានបង្កើតឡើង។
លោក បេនចាមីន បាននិយាយមុនពេលចាកចេញពីសហរដ្ឋអាមេរិកត្រឡប់មកអ៊ីស្រាអែលវិញថា៖ «លក្ខខណ្ឌដែលលោក ត្រាំ កំពុងបង្កើត រួមផ្សំជាមួយនឹងការពិតដែលថា ពួកគេត្រូវតែយល់ថា ពួកគេមានកំហុសឆ្គង នៅពេលចុងក្រោយដែលពួកគេមិនបានធ្វើកិច្ចព្រមព្រៀង អាចជាលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងដ៏ល្អមួយនោះ។

លោកបានបន្ថែមថា ក្នុងអំឡុងពេលពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិកកាលពីថ្ងៃពុធ លោក «បានសម្តែងការសង្ស័យទូទៅអំពីលក្ខណៈនៃកិច្ចព្រមព្រៀងណាមួយជាមួយប្រទេសអ៊ីរ៉ង់»។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានកត់សម្គាល់ថា ប្រសិនបើកិច្ចព្រមព្រៀងមួយ ពិតជាត្រូវសម្រេចបាននោះ វាក៏ត្រូវតែរួមបញ្ចូលមីស៊ីលបាលីស្ទីក និងក្រុមតំណាងរបស់អ៊ីរ៉ង់ផងដែរ។
លោក ណេតាន់យ៉ាហ៊ូ បានទៅដល់សេតវិមាននាព្រឹកថ្ងៃពុធ ហើយបានចាកចេញដោយគ្មានសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍ណាមួយឡើយ។
កិច្ចប្រជុំនេះ ដែលជាជំនួបលើកទី៧ របស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិទី២ របស់លោក ត្រាំ ត្រូវបានគេរាយការណ៍ថា មានរយៈពេលប្រហែលបីម៉ោង។
មុនពេលកិច្ចប្រជុំនោះ លោក ណេតាន់យ៉ាហ៊ូ បានជួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ហើយបានចុះឈ្មោះជាសមាជិកនៃ«ក្រុមប្រឹក្សាសន្តិភាព» ជាផ្លូវការ៕