អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានថ្លែងថា វាអាស្រ័យលើសហរដ្ឋអាមេរិក ក្នុងការធ្វើកិច្ចចរចាជាមួយរុស្ស៊ី ដោយធ្វើអត្ថាធិប្បាយអំពីគំនិតរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង( Emmanuel Macron) ក្នុងការបន្តទំនាក់ទំនងជាមួយទីក្រុងមូស្គូ។

លោកបានចង្អុលបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូថា ៖«យើងទាំងអស់គ្នាយល់ស្របថា មានតែសហរដ្ឋអាមេរិកដែលត្រូវបំបែកភាពជាប់គាំងក្នុងការចរចានេះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយភាពជាប់គាំងក្នុងការចរចាសន្តិភាពជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈ ឆ្នាំមុន។ នោះគឺជារឿងសំខាន់ណាស់ ហើយចាប់តាំងពីពេលនោះមក លោកបានជំរុញដំណើរការសន្តិភាពយ៉ាងជាប់លាប់»។

លោក Rutte បានបន្ថែមថា សហរដ្ឋអាមេរិក កំពុង «ធ្វើបច្ចុប្បន្នភាពដំណើរការសន្តិភាពនេះជាប្រចាំ»សម្រាប់អឺរ៉ុប។
នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់លោក ម៉ាក្រុង លោកប្រមុខណាតូបានកត់សម្គាល់ថា៖«ជាការពិតណាស់ មានការពិភាក្សាអំពីអ្វី ដែលអឺរ៉ុបអាចធ្វើបានច្រើនជាងនេះ។ ខ្ញុំគិតថា វាគឺជារឿងល្អណាស់ក្នុងការជជែកវែកញែកដែលមានអឺរ៉ុបចូលរួម ហើយខ្ញុំប្រាកដថា ពួកគេនឹងធ្វើ ហើយខ្ញុំដឹងថា ពួកគេនឹងបើកចំហទាំងស្រុងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើ ឲ្យកិច្ចការរួមគ្នាទាំងអស់ ដំណើរការទៅបានដោយរលូន៕