ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា គណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) បានផ្តល់ការអនុម័តបឋមរបស់ខ្លួនសម្រាប់ការទិញយន្តហោះចម្បាំង Rafale បន្ថែមទៀត និងយន្តហោះល្បាតដែនសមុទ្រ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ការបញ្ជាទិញទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់យុទ្ធោបករណ៍ការពារជាតិដែលមានតម្លៃ ៣,៦ សែនកោដិរូពី (ប្រមាណ ៣៩,៧៤ ពាន់លានដុល្លារអាមេរិក)។ ការរក្សាអំណាចផ្លូវអាកាស គឺជាអាទិភាពយុទ្ធសាស្ត្រសម្រាប់ឥណ្ឌា ដែលជួបបញ្ហាប្រឈមសន្តិសុខជាប់លាប់តាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរគឺប្រទេសប៉ាគីស្ថាន និងចិន។

ក្រសួងឥណ្ឌា មិនបានផ្តល់ព័ត៌មានលម្អិតពីចំនួនយន្តហោះ Rafale ឬយន្តហោះល្បាតដែនសមុទ្រ P-8I ដែលត្រូវទិញ ឬតម្លៃនៃការបញ្ជាទិញនេះទេ។ ប៉ុន្តែមន្ត្រីឥណ្ឌាម្នាក់បានប្រាប់សារព័ត៌មាន AP ថា ក្រុមប្រឹក្សាទិញយុទ្ធោបករណ៍ការពារជាតិ ដែលដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានអនុម័តនូវអ្វីដែលឥណ្ឌាហៅថា «ការទទួលយកនៃភាពចាំបាច់» សម្រាប់ការទិញយន្តហោះចម្បាំងពហុតួនាទី Rafale ចំនួន ១១៤គ្រឿង ពីបារាំង និងយន្តហោះឈ្លបយកការណ៍ដែនសមុទ្រ P-8I ចំនួន ៦គ្រឿង ពីសហរដ្ឋអាមេរិក។
ឥណ្ឌា មានកងអនុសេនាធំនៃយន្តហោះចម្បាំង Rafale ចំនួនពីរកងរួចទៅហើយ ហើយកាលពីឆ្នាំមុន ឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងមួយដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយនេះចំនួន ២៦គ្រឿង សម្រាប់កងទ័ពជើងទឹក។ ឥណ្ឌាក៏ដំណើរការយន្តហោះល្បាតប៊ូអ៊ីង P-8I សម្រាប់ឈ្លបយកការណ៍នៅតំបន់មហាសមុទ្រឥណ្ឌាផងដែរ។ បច្ចុប្បន្ន កងទ័ពអាកាសឥណ្ឌា មានកងអនុសេនាធំនៃយន្តហោះចម្បាំងចំនួន ២៩កង ហើយកងអនុសេនាធំនីមួយៗមានយន្តហោះចម្បាំងពី ១៦ ទៅ ១៨ គ្រឿង៕
