ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ដោយសារការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ការបិទសណ្ឋាគារ និងផ្លូវហោះហើរត្រូវបានផ្អាកព្រោះខ្វះប្រេងឥន្ធនៈ ពេលនេះអ្នកទេសចរកំពុងនាំគ្នាចាកចេញពីប្រទេសគុយបា បន្តិចម្តងៗ ដែលធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើងសម្រាប់ប្រទេសកោះដែលខ្វះខាតថវិកាមួយនេះ ស្របពេលយុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក កំពុងតែជះផលប៉ះពាល់យ៉ាងទូលំទូលាយ។
ប្រទេសជាច្រើនបានណែនាំពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅកាន់គុយបា ចាប់តាំងពីសហរដ្ឋអាមេរិក បានបង្កើនការហាមឃាត់រាប់ទសវត្សរ៍របស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ដោយទប់ស្កាត់ការនាំចូលប្រេងសំខាន់ៗរបស់ប្រទេសនេះ។ ក្រុមអ្នកទេសចរបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេជួបការលំបាកក្នុងការធ្វើដំណើរនៅគុយបា ដោយសារស្ទើរតែគ្មានរថយន្តតាក់ស៊ីជិះទាល់តែសោះ។

កង្វះខាតប្រេងឥន្ធនៈបាននាំឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងជាប្រចាំ និងការតម្រង់ជួរដ៏វែងចាំចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ព្រមទាំងបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនប្រកាសថា ពួកគេនឹងលុបចោលសេវាកម្មធម្មតារបស់ខ្លួន។ យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងទេសចរណ៍ ដែលទទួលបានដោយសារព័ត៌មានបារាំង AFP បានបង្ហាញថា សណ្ឋាគារនិងរមណីយដ្ឋានប្រហែល ៣០កន្លែង ទូទាំងប្រទេសកោះមួយនេះ កំពុងត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែចំនួនអ្នកស្នាក់នៅទាប និងបញ្ហាប្រេងឥន្ធនៈ។
ចាប់តាំងពីខែមករាមក កងនាវាចម្បាំងអាមេរិកមួយក្រុម បានបញ្ឈប់នាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា មិនឱ្យដឹកជញ្ជូនប្រេងទៅកាន់កំពង់ផែគុយបា។ ទីក្រុងវ៉ាស៊ីនតោន ក៏បានគំរាមកំហែងដាក់ពន្ធ លើម៉ិកស៊ិក និងអ្នកនាំចេញផ្សេងទៀត ប្រសិនបើពួកគេបន្តដឹកជញ្ជូនប្រេងឱ្យគុយបា។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមទាំងកាណាដា និងរុស្ស៊ី កំពុងបញ្ជូនជើងហោះហើរទទេទៅកាន់គុយបា ដើម្បីទៅយកអ្នកដំណើររាប់ពាន់នាក់ដែលជាប់គាំងនៅទីនោះ៕

