មួយឆ្នាំបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បានរិះគន់ធ្ងន់ៗលើសម្ព័ន្ធមិត្តអឺរ៉ុប នៅឯសន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ក្នុងប្រទេសអាល្លឺម៉ង់ ដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន នឹងប្រឹងប្រែងបង្កើតឲ្យមានផ្លូវឯករាជ្យជាងមុន ខណៈដែលបន្តរក្សាមូលដ្ឋានគ្រឹះរបស់សម្ព័ន្ធភាព។
សុន្ទរកថាឆ្នាំ២០២៥ របស់លោក Vance នៅឯការជួបជុំប្រចាំឆ្នាំរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់ បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាឆ្លងមហាសមុទ្រអាត្លង់ទិកដែលមិនធ្លាប់មានពីមុនរយៈពេល ១ឆ្នាំ ដោយសហរដ្ឋអាមេរិកហាក់ដូចជាបានរុះរើសណ្តាប់ធ្នាប់អន្តរជាតិដែលភាគច្រើនខ្លួនបានជួយបង្កើតឡើង។

កិច្ចប្រជុំឆ្នាំនេះ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ក៏កើតឡើងស្របពេលកំពុងមានជម្លោះជាច្រើនផងដែរ ក្នុងនោះរួមទាំងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ស៊ូដង់ និងតំបន់ហ្កាហ្សា។ កងកម្លាំងសន្តិសុខកំពុងត្រូវបានដាក់ពង្រាយ ដើម្បីការពារសុវត្ថិភាពដល់សន្និសីទនេះ។
អតីតអ្នកការទូតអាល្លឺម៉ង់ ដែលជាប្រមុខវេទិកានេះ គឺលោក Wolfgang Ischinger បានប្រាប់ការជួបជុំមួយកាលពីដើមសប្តាហ៍នេះថា៖ «ខ្ញុំមិនអាចនឹកឃើញពីពេលវេលាណាដែលយើងមានសង្គ្រាម វិបត្តិ និងជម្លោះ ក្នុងពេលដំណាលគ្នា ច្រើនជាងពេលនេះទៀតទេ»។
ជាយូរមកហើយ ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក គឺជាចំណុចសំខាន់នៃសន្និសីទសន្តិសុខទីក្រុងមុយនិក ដែលបានចាប់ផ្តើមជាវេទិកាអំឡុងសម័យសង្គ្រាមត្រជាក់ ដើម្បីឲ្យមានការជជែកពិភាក្សាការពារជាតិរបស់លោកខាងលិច។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡាពីអំណាច គំរាមកំហែងប្រទេសតំបន់អាមេរិកឡាទីនផ្សេងទៀត ដោយវិធានការយោធាស្រដៀងគ្នា ដំឡើងពន្ធទាំងលើសម្ព័ន្ធមិត្ត និងគូអរិដូចគ្នា ហើយបាននិយាយដោយបើកចំហអំពីការបញ្ចូលកោះ Greenland ជាដែនដីឧបសម្ព័ន្ធ ជាចំណាត់ការមួយដែលអាចបញ្ចប់សម្ព័ន្ធភាពណាតូ (NATO) យ៉ាងមានប្រសិទ្ធភាព។ ទាំងអស់នេះនឹងក្លាយជាស្រមោលគ្របលើសន្និសីទឆ្នាំនេះ៕


