នាវានៃកងនាវារុស្ស៊ីប៉ាស៊ីហ្វិក បានចាប់ផ្តើមបេសកកម្មផ្លូវសមុទ្ររយៈចម្ងាយឆ្ងាយ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការរាយការណ៍របស់កងនាវានេះ។
«កងនាវាប៉ាស៊ីហ្វិកដែលបានចេញបេសកកម្ម រួមទាំងនាវាចម្បាំង Sovershenny និង Rezky ក៏ដូចជានាវាដឹកប្រេងទំហំមធ្យម Pechenga បានចេញដំណើរផ្លូវឆ្ងាយ ដើម្បីបំពេញបេសកកម្មដែលបានកំណត់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងនាមជាផ្នែកមួយនៃសកម្មភាពនាពេលខាងមុខ នាវាចម្បាំង និងនាវាដឹកប្រេង នឹងធ្វើសមយុទ្ធជាបន្តបន្ទាប់នៅក្នុងតំបន់នេះ និងធ្វើការចូលចតនៅតាមកំពង់ផែរបស់បណ្តាប្រទេសជាមិត្ត»។

យោងតាមកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី នៅពេលចាកចេញពីមូលដ្ឋានកងទ័ពជើងទឹករបស់ពួកគេ ទៅកាន់សមុទ្រជប៉ុន ក្រុមនាវិកបានធ្វើសមយុទ្ធកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាស និងវាយបកទៅលើការវាយប្រហារពីនាវាគ្មានមនុស្សបើករបស់សត្រូវដែលបានក្លែងធ្វើ។ នៅឈូងសមុទ្រ Peter the Great កងនាវានេះ បានអនុវត្តបេសកកម្មសង្គ្រាមប្រឆាំងនាវាមុជទឹកជាមួយឧទ្ធម្ភាគចក្រ Ka-27 កងទ័ពជើងទឹក ដែលផ្អែកលើនាវាមួយក្នុងចំណោមនាវាទាំងនោះ៕
