កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) សារព័ត៌មាន Izvestia ដែលគាំទ្ររដ្ឋាភិបាល បានរាយការណ៍ថា ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ប្រេងដល់គុយបា ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង «មនុស្សធម៌»។
នាពេលនេះ ប្រទេសគុយបាកំពុងរងគ្រោះដោយវិបត្តិថាមពលដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយភាគច្រើនត្រូវបានជំរុញដោយសហរដ្ឋអាមេរិកដែលរឹតបន្តឹងការផ្គត់ផ្គង់ប្រេងរបស់វ៉េណេស៊ុយអេឡា។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសគុយបា បានប្រាប់សារព័ត៌មាន Izvestia ថា «តាមដែលយើងដឹង រុស្ស៊ីត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងកាតដល់ប្រទេសគុយបាជាជំនួយមនុស្សធម៌ នាពេលខាងមុខដ៏ខ្លីនេះ»។ កាលពីថ្ងៃចន្ទ វិមានក្រឹមឡាំង ដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់គុយបា បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាម «ខ្ទប់ដង្ហើម» របស់ប្រទេសកោះនេះ។

ដោយស្ថិតនៅក្រោមការហាមឃាត់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិករួចហើយ អស់រយៈពេលជាង ៦០ឆ្នាំ ប្រទេសគុយបាកំពុងជួបការលំបាកជាមួយនឹងការស្តុកប្រេងឥន្ធនៈដែលកំពុងថយចុះយ៉ាងឆាប់រហ័ស និងចាត់វិធានការកាត់បន្ថយយ៉ាងខ្លាំង ក្នុងនោះរួមទាំងការរារាំងក្រុមហ៊ុនអាកាសចរណ៍កុំឲ្យចាក់ប្រេងផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើន បានលុបចោលផ្លូវហោះហើរជាការឆ្លើយតប ខណៈដែលរដ្ឋាភិបាលនានា រួមទាំងរុស្ស៊ីផង បានអំពាវនាវឲ្យពលរដ្ឋរបស់ពួកគេជៀសវាងកុំធ្វើដំណើរទៅកាន់ប្រទេសកោះនេះ រហូតដល់បញ្ហានេះត្រូវបានដោះស្រាយ៕


