កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) សមាជិកសភាវ៉េណេស៊ុយអេឡា បានពន្យារពេលការជជែកដេញដោល ស្ដីពីសេចក្តីព្រាងច្បាប់លើកលែងទោស ដែលមានបំណងផ្តល់ការលើកលែងទោសជាបន្ទាន់ដល់បុគ្គលដែលត្រូវបានជាប់ពន្ធនាគារពីបទចូលរួមក្នុងការតវ៉ានយោបាយ។
ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez ដែលបានឡើងកាន់អំណាចកាលពីខែមុន បន្ទាប់ពីមានការទម្លាក់លោកប្រធានាធិបតី Nicolas Maduro ពីអំណាចដោយសហរដ្ឋអាមេរិក បានព្រមស្របតាមការទាមទាររបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងការលក់ប្រេង និងបានដោះលែងមនុស្សរាប់រយនាក់ដែលក្រុមសិទ្ធិមនុស្សចាត់ទុកជាអ្នកទោសនយោបាយ ដោយនេះគឺជាផ្នែកមួយនៃការធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំង២ មានប្រក្រតីភាពឡើងវិញ។

កំណែពេញលេញនៃច្បាប់នេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ នៅក្នុងសភាដែលដឹកនាំដោយប្អូនប្រុសរបស់លោកស្រី Rodriguez គឺលោក Jorge Rodriguez ប៉ុន្តែសេចក្តីព្រាងថ្មីៗដែលបានឃើញដោយសារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះ គឺមិនសូវជាល្អប្រសើរជាងកំណែមុននោះទេ។
សេចក្តីព្រាងច្បាប់ក្រោយ មិនបានរាយបញ្ជីឈ្មោះនៃឧក្រិដ្ឋកម្មដែលរាប់បញ្ចូលជាសកម្មភាពនយោបាយនោះទេ នៅក្នុងនោះរួមទាំងការញុះញង់ឲ្យមានសកម្មភាពខុសច្បាប់ ការតស៊ូប្រឆាំងនឹងអាជ្ញាធរ ការបះបោរ និងការក្បត់ជាតិផងដែរ ដែលពីមុនត្រូវបានដាក់ចេញយ៉ាងលម្អិត ហើយមិនផ្តល់ការលើកលែងទោសដល់អ្នកដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការរិះគន់អាជ្ញាធរ។
គួរបញ្ជាក់ថា ច្បាប់នេះ ដែលបានឆ្លងផុតការបោះឆ្នោតលើកដំបូងរបស់ខ្លួនរួចហើយនោះ តម្រូវឲ្យមានការបោះឆ្នោតដោយជោគជ័យលើកទី២ ដើម្បីទទួលបានការអនុម័តជាផ្លូវការ៕

