ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់បានដោះលែងឲ្យនៅក្រៅឃុំនូវឥស្សរជន កែទម្រង់ជាន់ខ្ពស់ពីររូប ដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុងខែមករា។ 
មេធាវីរបស់ពួកគេ គឺលោក Hojjat Kermani បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ISNA ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖«លោក Javad Emam និងលោក Ebrahim Asgharzadeh ត្រូវបានដោះលែង រយៈពេលប៉ុន្មាននាទីមុន បន្ទាប់ពីបានបង់ប្រាក់ធានា»។
លោក Asgharzadeh គឺជាអតីតសមាជិកសភា ហើយលោក Emam គឺជាអ្នកនាំពាក្យរបស់រណសិរ្ស កែទម្រង់ ដែលជាសម្ព័ន្ធភាពសំខាន់នៃក្រុមអ្នកកែទម្រង់។
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍នៅពេលចាប់ខ្លួនពួកគេថា ពួកគេត្រូវបានចោទប្រកាន់ពីបទ «បំផ្លាញឯកភាពជាតិ» និង “សម្របសម្រួលជាមួយការឃោសនារបស់សត្រូវ»។
ក្រុមអ្នកកែទម្រង់ជាប្រពៃណីអំពាវនាវឲ្យមានសេរីភាពសង្គមបន្ថែមទៀត និងការបង្កើតសង្គមស៊ីវិល និងគាំទ្រប្រធានាធិបតីបច្ចុប្បន្នលោក Masoud Pezeshkian ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០២៤ របស់លោក៕

