ភ្នំពេញ ៖ នៅខេត្តសៀមរាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី ចំនួន ១៨គ្រួសារ របស់ខេត្តឧត្តរមានជ័យ។
នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្ដាញសង្គម ឱ្យដឹងថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ដើម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ ទាំងលើជីវភាព, ការសិក្សារបស់កូនចៅបន្ត និងការស្តារឡើងវិញចំពោះសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ តាមរយៈវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ និងប្រជាជនកម្ពុជា។
អត្ថបទ៖ ខាន់ ច័ន្ទវីរៈ



















