ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានជួបសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ ដោយបានផ្តល់នូវផលប្រយោជន៍ពីភាពទៅវិញទៅមក ជាពិសេសបាននាំមកនូវផ្លែផ្កាថ្មីៗបន្ថែមទៀតដែលចិននឹងផ្តល់ជូនកម្ពុជានៅពេលជាបន្តបន្ទាប់។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថាការពិភាក្សានេះជារួមបានពិភាក្សាទៅលើការងារជាច្រើនទាំងក្នុងកម្រិតទ្វេភាគីនិងតំបន់ជារួម ជាពិសេសការពង្រីកទំនាក់ទំនងរវាងកម្ពុជាចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនបានចូលជាធរមានហើយ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ី ជិនពីន ក៏ប្រកាសផ្តល់វ៉ាក់សាំង ២០ លានដូស បន្ថែមទៀតដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដផងដែរ។
ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ។ ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់និងលើពិភពលោក។ ឯកឧត្តមប្រធានាធិបតីចិនបានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។
ឯកឧត្តម ស៊ី ជិនពីង ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោថា មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។
ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ ហើយឯកឧត្តមប្រធានាធិបតីចិន ក៏បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ១៩ ផងដែរ៕
អត្ថបទ ៖ មុត សុត



