រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា រដ្ឋាភិបាលអាមេរិក នឹងមិនផ្តល់ការធានាសន្តិសុខណាមួយដល់ក្រុមហ៊ុនអាមេរិក ដែលមានឆន្ទៈធ្វើអាជីវកម្មនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាទេ។
លោក Wright បានប្រាប់ទូរទស្សន៍ CNN ក្នុងបទសម្ភាសន៍មួយថា៖«រដ្ឋាភិបាលអាមេរិក នឹងមិនផ្តល់សន្តិសុខរូបវន្ត ឬសន្តិសុខសេដ្ឋកិច្ចទេ។ អាជីវកម្មអាមេរិក និងអាជីវកម្មអន្តរជាតិ ដែលពួកគេធ្វើនៅជុំវិញពិភពលោកក្នុងបរិយាកាសនយោបាយ និងហានិភ័យផ្សេងៗគ្នា។ ប្រទេសវ៉េណេស៊ុយអេឡា ក៏មិនខុសពីនោះដែរ។ នេះគឺគ្រាន់តែជាបរិយាកាសអាជីវកម្មដ៏ប្រថុយប្រថាន និងអាក្រក់បំផុតមួយ។ នោះគឺរយៈពេលពីរខែមុន ថ្ងៃនេះ គឺមានភាពល្អប្រសើរជាងមុន»។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងបាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡាមាន «បញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ» ដែលនឹងមិនអាចដោះស្រាយបាន ក្នុងរយៈពេលមួយឆ្នាំ ឬ «ពីរឬបីឆ្នាំ»បានទេ។ លោក Wright បានបន្ថែមថា វានឹងអាចធ្វើទៅបាន លុះត្រាតែធ្វើការកែទម្រង់ពេញលេញ និងធ្វើការផ្លាស់ប្តូរនៅក្នុងប្រទេសនេះ បន្ទាប់ពីការបោះឆ្នោត។
នាពេលមុននេះ សារព័ត៌Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនប្រេងធំៗរបស់សហរដ្ឋអាមេរិក Chevron និង ExxonMobil មានការប្រុងប្រយ័ត្នចំពោះការអំពាវនាវឲ្យវិនិយោគក្នុងការស្តារឧស្សាហកម្មប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។ ប្រធានក្រុមហ៊ុនទាំងពីរ មើលឃើញពីសក្តានុពលរយៈពេលវែងដ៏សំខាន់ នៅក្នុងប្រទេសនេះ ប៉ុន្តែជឿជាក់ថា កំណែទម្រង់នយោបាយ និងច្បាប់ គឺចាំបាច់ដើម្បីការពារការវិនិយោគរបស់ពួកគេ៕
