មន្ត្រីសាលាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួស អំឡុងការបាញ់ប្រហារមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) នៅឯអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យរដ្ឋ South Carolina (South Carolina State University) ដែលជាមហាវិទ្យាល័យជាប្រវត្តិសាស្ត្រមួយ សម្រាប់ជនជាតិស្បែកខ្មៅ ដោយហេតុការណ៍នោះបានជំរុញឲ្យមានការបិទបរិវេណសាលា។
ការបាញ់ប្រហារនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែល ៩:១៥យប់ ម៉ោងក្នុងស្រុក នៅក្នុងអាផាតមិនមួយ នៅឯអគារស្នាក់នៅរបស់និស្សិត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើទំព័រ Facebook របស់សាកលវិទ្យាល័យ។

ព័ត៌មានលម្អិតបន្ថែមផ្លូវការតិចតួចប៉ុណ្ណោះត្រូវបានផ្ដល់ឲ្យភ្លាមៗ ដោយក្នុងនោះគេមិនដឹងថា តើអ្នកដែលជាអ្នកប្រព្រឹត្តការបាញ់ប្រហារនេះ នៅតែគេចខ្លួនដែរ ឬយ៉ាងណា។ ហើយសេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖ «មន្ត្រីសាកលវិទ្យាល័យមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ ឬស្ថានភាពរបស់អ្នករងរបួសនៅឡើយទេ»។
មនុស្សម្នាក់ដែលជាអ្នកឆ្លើយតបខ្សែទូរសព្ទ សម្រាប់ការិយាល័យសុវត្ថិភាពសាធារណៈរបស់សាកលវិទ្យាល័យ នាយប់ថ្ងៃព្រហស្បតិ៍នោះ បាននិយាយថា ខ្លួនមិនមានសិទ្ធិផ្តល់ព័ត៌មានណាមួយ អំពីហេតុការណ៍នេះនោះទេ។
សាកលវិទ្យាល័យបានបញ្ជាក់ថា ខ្លួនបានស្នើសុំឲ្យផ្នែកអនុវត្តច្បាប់រដ្ឋស៊ើបអង្កេតការបាញ់ប្រហារនេះ ហើយការបង្រៀន នៅថ្ងៃសុក្រនេះ ត្រូវបានផ្អាក៕
