ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ រសៀលថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២នេះបានជួបពិភាក្សាការងារមួយចំនួនជាមួយឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ខណៈនៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។
នៅក្នុងកិច្ចជំនួបនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវការរួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ដែលបានមកបំពេញទស្សនកិច្ចនៅកងពលតូចលេខ៧០ ដោយដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ចំពោះទំនាក់ទំនងរវាងកងពលតូចលេខ៧០ជាមួយនិងក្រសួងការពារប្រទេសវៀតណាម។
ក្នុងនោះដែរឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកមេបញ្ជាការកងពល ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម បន្ទាប់ពីបានការតែងតាំងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯកបម្រុង បានបន្ថែមទៀតថាដោយសារឆ្នាំ២០២២នេះគឺជាខួបលើកទី៥៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងក៏ជាខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកបានស្នើឱ្យកងទ័ពប្រទេសទាំងពីរត្រូវបន្តរួមការគ្នាឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។
លោកឧត្តមសេនីយ៍ក៏បានលើកឡើងពីការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានដែលជាប្រការសំខាន់ ហើយដែលកងទ័ពប្រទេសទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការគ្នា ដូចដែលធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ៕ អត្ថបទ ៖ ចក់

















