ជំរំជម្លៀសខ្លួននៅខេត្តជនបទ Idlib ប្រទេសស៊ីរី រងការខូចខាតកាលពីថ្ងៃព្រហស្បតិ៍ ក្រោយទឹកជំនន់វាយប្រហារតំបន់នោះ ។
យោងតាមសេចក្តីរាយការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នលោក Raed Al-Saleh និយាយថា ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យខូចខាតទំាងស្រុងសំពត់តង់ប្រហែល ៣០០កន្លែង ហើយនិងធ្វើឲ្យខូចខាតដោយអន្លើរសំពត់តង់ ១.៣០០កន្លែងផ្សេងទៀត ។
លោក Abdel Rehman Al-Sayyed គឺជាមនុស្សជម្លៀសខ្លួនមួយរូប និយាយថា អំឡុងទឹកជំនន់ របស់របរនៅគ្រប់ទីកន្លែងត្រូវបានទឹកហូរនាំទៅអស់ កុំថាឡើយរថយន្ត ឬទោចចក្រយានយន្ត ។
លោកបន្តថា ទោចចក្រយានយន្តរបស់លោកត្រូវបានទឹកហូរនាំទៅចូលទន្លេផងដែរ ។

ដោយឡែកលោក Ahamed Bkkouraគឺជាពលរដ្ឋស៊ីរីជម្លៀសខ្លួនមួយរូបទៀតនិយាយដែរថា លោកបានមកមើលហាងរបស់លោក តែភ្លាមៗនោះ អ្នកស្រុកនិយាយប្រាប់លោកថាឲ្យឡប់ទៅវិញភ្លាម ពីព្រោះថា ចរន្តទឹកហូរពិតជាខ្លាំងណាស់ ។
លោកនិយាយទៀតថា អ្វីៗដែលខិតខំសន្សំអស់រយៈពេល ១០ឆ្នាំ ត្រូវបានរលាយអស់ក្នុងមួយប៉ប្រិចភ្នែក ៕
