បេសកកម្មថែរក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នឹងបញ្ជូនយន្តហោះឈ្លបការណ៍ទៅកាន់ទីក្រុងភាគខាងកើត Uvira ដែលជាផ្នែកមួយនៃការចូលរួម ដើម្បីជួយតាមដានបទឈប់បាញ់រវាងរដ្ឋាភិបាល និងក្រុមឧទ្ទាម M23 ។ នេះបើយោងតាមការអះអាងរបស់ពួកគេបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។
ក្រុមឧទ្ទាម M23 ដណ្តើមគ្រប់គ្រងទីក្រុង Uviraកាលពីខែធ្នូ ឆ្នាំមុន ហើយនិងបានដកទ័ពចេញវិញ រយៈពេល ១សប្តាហ៍ក្រោយមក ក្រោមសម្ពាធពីសហរដ្ឋអាមេរិក ។ កងទ័ពកុងហ្គោ បានវិលត្រឡប់ទៅកាន់ទីក្រុងមួយនេះ កាលពីខែមុន ។
កាលពីសប្តាហ៍មុន កុងហ្គោ និងក្រុមឧទ្ទាម បានយល់ព្រមឲ្យមានយន្តការតាមដានបទឈប់បាញ់សម្របសម្រួលដោយកាតា ដែលជាផ្នែកមួយនៃលក្ខខណ្ឌធំទូលាយជាងមុន ដែលបានចរចានៅទីក្រុង Doha ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ។
អ្នកស្រី Vivian van de Perre គឺជាអនុប្រធានបេសកកម្មថែរក្សាសន្តិភាពរបស់ UN និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បេសកកម្មឈ្លបការណ៍តាមអាកាសដំបូងទៅកាន់ទីក្រុង Uvira នឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
លោកស្រីបន្តថារាល់ការដាក់ពង្រាយណាមួយរបស់ UN ដើម្បីគាំទ្របទឈប់បាញ់ នឹងត្រូវបានដាក់ចេញជាបណ្តើរៗ ហើយការធានាសន្តិសុខ ត្រូវតែមាននៅនឹងកន្លែង ដើម្បីការពារបុគ្គលិក និងសម្ភារៈរបស់ UN ៕