គ្រួសារ al-Najjar បានជួបជុំគ្នានៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ស្ថិនៅតំបន់ភាគខាងត្បូងហ្កាហ្សា ដើម្បីរង់ចាំការមកដល់ម្តាយរបស់ពួកគេ ។ ពួកគេឈរកៀកស្មាគ្នាទាំងអន្ទះសារ រង់ចាំការមកដល់របស់រថយន្តក្រុង ។
អស់រយៈពេលជិត ២ឆ្នាំមកហើយដែលពួកគេបានរាប់ថ្ងៃ ស្របពេលសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ការបំផ្លិចបំផ្លាញ និងការកាន់ទុក្ខមនុស្សជាទីស្រលាញ់បាត់បង់អាយុជីវិត រហូតដល់អ្នកស្រី Mariam អាចវិលត្រឡប់មកផ្ទះវិញបាន តាមច្រកឆ្លងកាត់ព្រំដែន Rafah ។
លោក Mohammad al-Najjar គឺជាកូនប្រុសរបស់អ្នកស្រី Mariam និយាយប្រាប់កាសែត Al Jazeera ថា គ្រួសារពួកយើងមានអារម្មណ៍សប្បាយរីករាយណាស់ ពីព្រោះថា ពួកយើងចង់ជួបមុខម្តាយរបស់ពួកយើងម្តងទៀត ។
លោក Mohammad បន្តថា ប៉ុន្តែពួកយើងក៏ក្រៀមក្រំផងដែរ ពីព្រោះថា ស្ថានភាពមិនផ្លាស់ប្តូរច្រើនទាល់តែសោះ ។ ពួកយើងបាត់បង់ប្អូនប្រុស និងផ្ទះសម្បែងរបស់ពួកយើង ពួកយើងបាត់បង់ផ្ទះ ២ខ្នង ហើយគ្មានអ្វីសេសសល់នោះទេ សម្រាប់ពួកយើង ។
សូមបញ្ជាក់ថា អ្នកស្រី Mariam បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប សម្រាប់ព្យាបាលជំងឺមហារីកកាលពីខែមីនា ឆ្នាំ ២០២៤ ពោលគឺរយៈពេលប៉ុន្មានខែចូលក្នុងសង្រ្គាមអ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង ៧២.០០០នាក់ ៕