អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ខ្លួនមានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិដែលកំពុងកើតឡើងនៅគុយបា ខណៈដែលប្រទេសកោះមួយនេះកំពុងជួបការលំបាក ដោយសារអ្វីដែលស្មើនឹងការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងពីសំណាក់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងធ្វើឲ្យគុយបាខ្វះខាតប្រេងយ៉ាងខ្លាំង បន្ទាប់ពីយោធាអាមេរិកកាលពីខែមករា បានទម្លាក់លោក Nicolas Maduro មេដឹកនាំនៃប្រទេសវ៉េណេស៊ុយអេឡា ដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់ដល់គុយបាដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្ត។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី Marta Hurtado បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «យើងមានក្ដីបារម្ភយ៉ាងខ្លាំង អំពីវិបត្តិសេដ្ឋកិច្ចសង្គមកាន់តែធ្ងន់ធ្ងរទៅៗរបស់ប្រទេសគុយបា ពោលគឺអំឡុងពេលមានទណ្ឌកម្មហិរញ្ញវត្ថុ និងពាណិជ្ជកម្មរយៈពេលជាច្រើនទសវត្សរ៍ ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ និងវិធានការថ្មីៗរបស់សហរដ្ឋអាមេរិកដែលរឹតត្បិតការដឹកជញ្ជូនប្រេង។ រឿងនេះកំពុងមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗទៅលើសិទ្ធិរបស់ប្រជាជននៅក្នុងប្រទេសគុយបា»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រធានសិទ្ធិមនុស្ស UN លោក Volker Turk «បញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោក ចំពោះរដ្ឋទាំងអស់ ឲ្យលុបចោលវិធានការលើវិស័យជាឯកតោភាគី ដោយសារតែផលប៉ះពាល់យ៉ាងទូលំទូលាយ និងមិនរើសអើង គឺធា្លក់ទៅលើប្រជាជន។ គោលដៅគោលនយោបាយមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃវិធានការនានាដែលរំលោភសិទ្ធិមនុស្សបានឡើយ»។
លោកស្រី Hurtado បានសង្កត់ធ្ងន់ថា ដោយសារតែការពឹងផ្អែករបស់ប្រព័ន្ធសុខភាព អាហារ និងទឹក លើឥន្ធនៈហ្វូស៊ីលដែលត្រូវបាននាំចូល ការខ្វះខាតប្រេងនៅក្នុងប្រទេសគុយបា បានធ្វើឲ្យសេវាកម្មសំខាន់ៗស្ថិតក្នុងហានិភ័យ៕