យោងតាមការអះអាងរបស់ក្រសួងយុត្តិធម៌អ៊ីរ៉ាក់ បានឲ្យដឹងថា អ្នកជាប់ឃុំ ISILជាង ៥ពាន់នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារនៅប្រទេសស៊ីរី ទៅកាន់ពន្ធនាគារនៅប្រទេសជិតខាងអ៊ីរ៉ាក់ គិតមកទល់នឹងពេលនេះ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់នាថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌អ៊ីរ៉ាក់លោក Ahmed Laibi និយាយថា ការផ្ទេរនេះ និងការឃុំខ្លួនបន្តរបស់អ្នកទោស ត្រូវបានធ្វើឡើងតាមសំណើរបស់ក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIL ដែលអ៊ីរ៉ាក់គឺជាសមាជិកដ៏សំខាន់ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយដាច់ដោយឡែកមួយផ្សេងទៀតនៅក្រៅកិច្ចប្រជុំសន្តិសុខក្រុង Munich រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein បានផ្តល់តួលេខទាបជាងនេះ ដោយលោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្នកជាប់ឃុំ ISILប្រហែល ៣ពាន់នាក់ ត្រូវបានផ្ទេរចេញពីប្រទេសស៊ីរី ។
លោកបន្តថា ដំណើរការផ្ទេរនៅកំពុងបន្ត ហើយទីក្រុងបាដាដ កំពុងពិភាក្សាជាមួយប្រទេសជាច្រើនលើការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេដែលត្រូវបានផ្ទេរ ។
លោកនិយាយទៀតថា អ៊ីរ៉ាក់ត្រូវការជំនួយហិរញ្ញវត្ថុ ដើម្បីដោះស្រាយការទទួលទានរបស់អ្នកទោស ។ លោកថា កាលពីពេលថ្មីៗនេះមាននូវសកម្មភាពកើនឡើងរបស់ក្រុម ISIL នៅប្រទេសស៊ីរី ៕