លោក Friedrich Merz អធិការបតីអាល្លឺម៉ង់បានទទួលស្គាល់ថា មានការខ្វែងគំនិតគ្នាដោយបើកចំហរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែបានចេញសេចក្តីអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោនថា «សូមជួសជុល និងពិនិត្យឡើងវិញនូវទំនុកចិត្តឆ្លងកាត់មហាសមុទ្រអាត្លង់ទិកជាមួយគ្នា»។

លោក Merz បានថ្លែងសុន្ទរកថាបើកសន្និសីទសន្តិសុខទីក្រុង Munich ស្របពេលដែលទំនាក់ទំនងរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិកកាន់តែអាប់អួរយ៉ាងឆាប់រហ័ស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ស្ថិតក្នុងចំណោមអ្នកនយោបាយកំពូលៗដែលបានមកចូលរួម។
មានចាប់ពីការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដណ្តើមយកមកគ្រប់គ្រងដែនដីកោះ Greenland រហូតដល់ការដំឡើងពន្ធរបស់លោក និងការព្រមានរបស់រដ្ឋបាលលោកថា អឺរ៉ុបប្រឈមនឹង «ការលុបបំបាត់អរិយធម៌» ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

លោក Merz បានថ្លែងទៅកាន់ការជួបប្រជុំនោះថា «សូមឱ្យខ្ញុំចាប់ផ្តើមជាមួយនឹងការពិតដែលមិនងាយស្រួល ជាការបែកបាក់គ្នា ជាការខ្វែងគំនិតគ្នាយ៉ាងជ្រៅដោយបើកចំហរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក» ដែលមានការចូលរួមពីមេដឹកនាំរាប់សិបនាក់ ប្រមុខការពារជាតិ និងរដ្ឋមន្ត្រីការបរទេសមកពីជុំវិញពិភពលោក។